ខេត្តកណ្ដាល÷ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម្សៅក្រាមសង្ស័យជាសារធាតុញៀន បន្ទាប់ ពីប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយ បានធ្វើឡើងកាលពីវេលាម៉ោង ១៦ :១៥នាទី ថ្ងៃទី២៣ តុលា ២០២៥ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ App Nodrug អ.ជ.ប.គ.ញ លេខ២៧១៥ អំពីករណីចែកនិងជួញដូរគ្រឿងញៀនខុសច្បាប់នៅទីតាំងខាង លើ។ លោកក៏បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ រួន ប៊ុនឡី ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជាកម្មករ និងជាមុខសញ្ញាជួញដូរសកម្មក្នុងមូលដ្ឋាន។
លោកអធិការបានបន្តថា ពេលធ្វើការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងចាប់យកជាម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៦កញ្ចប់ (តូច ៥ កញ្ចប់ និងមធ្យម ១ កញ្ចប់) ទម្ងន់សរុប ៤,៨៨ក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រួន ប៊ុនឡី បានសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ទាំង ៦កញ្ចប់នេះ គឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅម្ដុំបឹងសាឡាង រាជធានីភ្នំពេញ ក្នុងតម្លៃ ៣០០.០០០រៀល ដើម្បីទុកលក់បន្ត។
ក្រោយពីសាកសួររួច ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕










