ខេត្តកណ្តាល÷ កម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយប្រជាការពារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ខណៈពេលចុះល្បាតក្នុងភូមិសាស្ត្រឃុំ។ ប្រតិបត្តិការនេះកើតឡើងនៅវេលាម៉ោង ៤:២០នាទីទាបភ្លឺ ថ្ងៃទី២៣ តុលា ២០២៥ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា កម្លាំងល្បាតបានប្រទះឃើញជនសង្ស័យ ២នាក់ គួរឲ្យសង្ស័យនៅចំណុចកើតហេតុ ក៏ហៅឲ្យឈប់ និងឃាត់ខ្លួនបាន។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ៖ ឈ្មោះ ពាង ប៊ុននី (ប្រុស, ៣០ឆ្នាំ) និងឈ្មោះ ឆេង រក្សា (ប្រុស, ៣០ឆ្នាំ) ដែលទាំងពីរនាក់មានមុខរបរមិនពិតប្រាកដ និងមានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ លី មករា (ហៅទូច) (ប្រុស, ៣០ឆ្នាំ) បានគេចខ្លួនបាត់។
លោកអធិការបានបន្តថា ក្រោយការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកកចំនួន ២កញ្ចប់តូច។ ក្រោយមក នៅម៉ោង ៦:០៥នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកដែលដឹកនាំដោយលោកអធិការ ក៏បានបន្តទៅត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ពាង ប៊ុននី ហើយរកឃើញម៉ាទឹកកកចំនួន ១កញ្ចប់តូចបន្ថែមទៀត។ វត្ថុតាងចាប់យកសរុបមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកកចំនួន ៣កញ្ចប់តូច ទម្ងន់សរុប ២,០៨ក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពាង ប៊ុននី បានសារភាពថា ម៉ាទឹកកកទាំង ៣កញ្ចប់នេះ ជារបស់ខ្លួនពិតមែន ដោយនៅសេសសល់ពីការលក់ ហើយខ្លួនបានទិញពីឈ្មោះ លី មករា (ហៅទូច) ក្នុងតម្លៃ ១.០០០.០០០រៀល។ ឈ្មោះ ពាង ប៊ុននី ក៏បានសារភាពថា ខ្លួនធ្លាប់ទិញម៉ាទឹកកកពីឈ្មោះ លី មករា (ហៅទូច) ចំនួន ៥ដងរួចមកហើយ ក្នុងម្តងៗចន្លោះពី ៥០០.០០០រៀល ទៅ ១.០០០.០០០រៀល។ ដោយឡែក ឈ្មោះ ឆេង រក្សា បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះ ពាង ប៊ុននី ចំនួន ៤ដង។
លោកអធិការបានឲ្យដឹងទៀតថា ក្រោយបានចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរកឈ្មោះ លី មករា (ហៅទូច) ដែលជាមុខសញ្ញាជួញដូរម្នាក់ទៀត តាមមាត់បឹង និងដងទន្លេបាសាក់ តែរកពុំឃើញ។
ក្រោយពីសាកសួររួច ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕










