ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៦តុលាស្អែកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាភាពជោគជ័យថ្មីបន្ថែមទៀត សម្រាប់វិស័យអាកាសចរណ៍កម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ នេះបេីយោង ប្រភពព័ត៌មានពីក្រសួងទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតទៅទីក្រុងតូក្យូ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ខណៈបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៣២ ក្រុមហ៊ុន។
គួរបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់ប្រទេសកម្ពុជា (ភ្នំពេញ/តេជោ – សៀមរាបអង្គរ – ព្រះសីហនុ/ PNH/KTI-SAI-KOS) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៧,៦៣៧ ជើង មានការកើនឡើង ១២% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។
របាយការណ៍បញ្ជាក់ថា រយៈពេល៩ខែនេះ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ លាននាក់ (៥,១០៩,៣២៥ នាក់) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ ម៉ឺនតោន (៦៤,៥១៣ តោន) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤៕
ដោយ៖តារា










