ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៦ លោក រុន តូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារជីកប្រឡាយ ១ខ្សែ ប្រវែង ១១.៥០០ ហិកតា ដើម្បីនាំទឹកទៅសង្គ្រោះស្រូវជួបការខ្វះខាតទឹក ប្រមាណ ២.៦០០ ហិកតា នៅស្រុករំដួល ខេត្តស្វាយរៀង ។
គួររំលឹកជូនថា ដោយភ្លៀងធ្លាក់មិនបានរាយប៉ាយស្មើល្អ នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ប្រមាណ ២.៦០០ ហិកតា ស្ថិតក្នុងឃុំកំពង់ចក សង្កែ និងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលជាតំបន់ស្ថិតនៅឆ្ងាយពីប្រភពទឹក ប្រឈមនឹងការខ្វះខាតទឹក ។
ដោយពិនិត្យឃើញស្ថានភាពបែបនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ នាំយកគ្រឿងចក្រ ជីកប្រឡាយ១ ខ្សែ ប្រវែង ១១.៥០០ ម៉ែត្រ ដើម្បីនាំទឹកពីប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ទៅផ្គត់ផ្គង់ដំណាំស្រូវដែលកំពុងប្រឈមទាំងនោះ ។ ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ខាងមុខ ៕
ដោយ៖ សុវណ្ណារ៉ា