ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សំណុំរឿងអតីតផ្កាយ១ គឺឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើនារីម្នាក់បណ្តាលឲ្យមានរបួសស្នាម តំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយបញ្ចប់ការស៊ើបសួរ សំណុំរឿងខាងលើនោះតំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រមដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសលើអង្គហេតុទាំងមូល ។ បើយោងទៅតាមការ ចោទប្រកាន់លើបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ ៖
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានទៅ ១០ លានរៀល ។
១-ដោយការគិតទុកជាមុន ។
២-ដោយប្រើអាវុធឬគំរាមកំហែងដោយអាវុធ ។
៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។
សូមជម្រាបថា ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងអាវុធហត្ថសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឧត្តមសេនីយ៍ត្រី ឈឹម ឆែម មុខងារជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្រ្តីម្នាក់កាលពីយប់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយរហូតបង្កអំពើហិង្សាលើនារីម្នាក់នៅខណ្ឌសែនសុខ បង្កដោយលោកឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ។ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្តកិច្ចក៏បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ ។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ។ កងរាជអាវុធហត្ថបានទំនាក់ទំនងជាមួយនារីរងគ្រោះនិងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនគាត់ដែលរងរបួសផងដែរ។ កងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌ មានអំពីចំណាត់ការជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបនៅពេលបញ្ចប់នីតិវិធី។
លុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀតដោយបញ្ជាក់ថា ៖
១.បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០និង០០ នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្តកិច្ចឲ្យមកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ ។
២.មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះប្រាកដមែន ។
៣.កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែងនិងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយរ៉ារ៉ា










