រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធពិធីបុណ្យខួបលើកទី២១ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ អង្គព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីបុណ្យខួបលើកទី២១ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ អង្គព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនិងឈានចូលមកដល់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ។ ពិធីនេះបានប្រពឹត្តទៅដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ប៉ែន លីណាត អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនិងមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់។ នាឱកាសនេះលោក ប៉ែន លីណាត បានអាននូវសារលិខិតថ្វាយព្រះពររបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានខ្លឹមសារបពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! ក្នុងទិវាដ៏មហានក្ខតឬក្សនៃខួបលើកទី២១ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ អង្គព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមក្រាបបង្គំអភិវន្ទថ្វាយព្រះរាជ សព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរថ្វាយព្រះករុណាថ្លៃវិសេស សូមទ្រង់ប្រកបដោយព្រះកាយ ពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី បន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងបន្តព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្ស “ព្រះបរមរតនកោដ្ឋ នៃកម្ពុជា” ។

នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណរបស់ព្រះករុណាថ្លៃវិសេស ដែលជានិច្ចកាល ព្រះអង្គក្នុងនាមជា ព្រះប្រមុខរដ្ឋដ៏ឆ្នើម តែងយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ និងប្រជានុរាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ ព្រះអង្គ។
សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ក្នុងលោក ងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឬទ្ធិបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សា ព្រះមហាសេ ហាស្វេតច្ឆត្រ ឫទ្ធិបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសឬទ្ធិបារមីដួងវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ នូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រកបនូវព្រះពុទ្ធពរ និងពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈជាភិយ្យោភាពតរៀងទៅ។
សូម ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

...

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print