លោក​ ឌី​ រ័ត្ន​ខេមរុណ​៖​ អគារអង្គរមានជ័យ បានធ្វើការវាយរំលំ បានចំនួន ៤០%ហើយ គិតត្រឹមព្រឹកថ្ងៃ ២៨ ខែតុលា ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ខណ្ឌ​៧មករា​ បានបង្ហោះនៅ​ព្រឹកថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២៥នេះថា៖​ អគារអង្គរមានជ័យ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ( ក្រុមហ៊ុនម៉ៅការ ពិស្ណុការអន្តរជាតិ) បានធ្វើការវាយរំលំ បានចំនួន ៤០%ហើយ គិតត្រឹមព្រឹកថ្ងៃ ២៨ ខែតុលា ឆ្នាំ២០២៥។

គួររម្លឹកថា​ មន្ត្រីជំនាញ​ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថ្មីៗនេះ​ បានចុះសិក្សាចប់រួចរាល់ហើយ លើអគារអគារ​អង្គរជ័យ ដែលមាន​អាយុ​កាល​ជាង​ ៧០​ឆ្នាំ និងបានវាយកម្ទេចចោល​ ដេីម្បី​បញ្ចៀសនូវការបាក់ស្រុតប៉ះពាល់ដល់ពលរដ្ឋ។

សូមជម្រាបថា​ អគារ​អង្គរជ័យ​មាន​កម្ពស់​៦​ជាន់ ​ស្ថិត​នៅ​កាច់​ជ្រុង​មហាវិថី​កម្ពុជា​ក្រោម​ និង​មុនីវង្ស​ ក្នុងភូមិ១​ សង្កាត់មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ ដែលកំពុងមាន​សភាព​ទ្រុឌទ្រោម​ និង​ពុកផុយ ដែលអាចនឹងបាក់ស្រុតមកដោយឯងៗ ខណៈក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ បានចាប់ផ្តើមដាក់គ្រឿងចក្រចូលដើម្បីធើ្វការវាយកម្ទេចចោល។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារនេះមានអាយុ៧០ឆ្នាំជាងទៅហើយ ។

...

ដោយឡែក​យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ទៅអភិបាលខណ្ឌ៧មករា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបានស្នើឲ្យអភិបាលខណ្ឌ៧មករា សម្របសម្រួលចាត់ចែងឲ្យគ្រួសារចំនួន៤ដែលមិនទាន់ឯកភាពទទួលយកដំណោះស្រាយ​ឲ្យចាកចេញពីអគារអង្គរមានជ័យ ត្រឹមសប្ដាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៥ ដើម្បីផ្ដល់លទ្ធភាពដល់ក្រសួងចាត់ចែកវាយរំលំអគារនេះ ខណៈក្រសួងក៏បានឯកភាពជាគោលការណ៍ដំឡើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥ ហើយគ្រួសារទាំង ៤អាចទាក់ទងមកក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីមកទទួលយកថវិកានៅខែកញ្ញា ឆ្នាំ២០២៥៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print