ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូទៅបុករថយន្តដឹកគ្រឿងចក្របណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុកាលពីវេលាម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្តធុនធំដឹកគ្រឿងចក្រ បានភ័យរត់គេចខ្លួនបាត់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញបុរសរងគ្រោះ កំពុងសន្លប់ក្បែរម៉ូតូ និងរថយន្តធុនធំ ដែលជាប្រភេទរថយន្តដឹកគ្រឿងចក្រ កំពុងចតនៅចំណុចកើតហេតុ។ ឃើញដូចនេះ អ្នកឃើញហេតុការណ៍បានទៅមើល ឃើញថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ គិតថាមិនស្រួលទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីក្រុមគ្រូពេទ្យ។
បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីមកយកបុរសរងគ្រោះទៅសង្គ្រោះ តែដោយអកុសល ពេលក្រុមគ្រូពេទ្យមកដល់ធ្វើការត្រួតពិនិត្យទើបដឹងថាបុរសខាងលើបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត និងភាគីខាងម៉ូតូជនរងគ្រោះចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕










