ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងអំណរសាទរប្រកបដោយមោទនភាពបំផុត ចំពោះការសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាសាក្សី។
អង្កភាពព័ត៌មាននិងប្រតិកម្មរហ័ស បានចាត់ទុកសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងប្រត្យក្សបំផុតនូវឆន្ទៈដ៏មោះមុត និងប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងជាព្រឹត្តិការណ៍ត្រូវបាន កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់លេចធ្លោបំផុតចំពោះជាតិ ពិសេស គឺការបង្កើតក្របខណ្ឌនយោបាយរួមមួយ ដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដោយមធ្យោបាយសន្តិវិធី និងដោយធានាបាននូវការគោរពអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាធរមាន។ ជោគជ័យដ៏មហស្ចារ្យនេះ គឺជាលទ្ធផលដែល កើត ចេញ ពី យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាន ប្រកាន់ យកនូវអភិក្រមនៃភាពអត់ធ្មត់ក្នុងការខិតខំដោះស្រាយបញ្ហា ដោយសន្តិវិធី ធ្វើយ៉ាងណា បញ្ចៀសការពង្រីកវិសាលភាពនៃជម្លោះ កាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដល់ប្រជា ពលរដ្ឋ និង ជំរុញការបញ្ចប់ជម្លោះឱ្យបានឆាប់។
ក្នុងបរិការណ៍នេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជាការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះ ចំពោះវីរភាព និងមាគ៌ាដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំប្រយុទ្ធតស៊ូគ្រប់បែបយ៉ាងជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់នៅគ្រប់សមរភូមិ ទាំងសមរភូមិយោធា, សមរភូមិច្បាប់, សមរភូមិការទូត និងសមរភូមិនយោបាយ ដើម្បីធានាការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា រហូតសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀង សន្តិភាព គូឡាឡាំពួ នេះឡើង៕ 
  
  
ដោយ ៖ សិលា

 
			








