ខេត្តបន្ទាយមានជ័យៈ  ស្ត្រីជនជាតិថៃម្នាក់បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ ដោយមិនដឹងពីមូលហេតុ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ នៅចំណុចអគារ អ៊ែតវូត ឋិតក្នុងភូមិក្បាលកោះ ក្រុងប៉ោយប៉ែត ។យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងអ្វីម៉្យាងធ្លាក់លាន់ដូចប៉ាវខ្សាច់ធ្លាក់ ទើបនាំគ្នារត់ទៅមើល ក៏ស្រាប់តែប្រទះឃើញស្ត្រីម្នាក់ធ្លាក់មកពីលើអគារជាន់ទីបី ដែលមានស្លាកយីហោ អ៊ែតវូត ដោយស្ត្រីរូបនោះបានធ្លាក់ដល់ដី ក្នុងសភាពដកដង្ហើមចង្រិត ពាក់អាវ Hoodie ពណ៌បៃតង និងស្លៀកខោខូវប៊ូយ ។
អ្នកឃើញហេតុការណ៍បានបន្តថា គេសង្ស័យស្ត្រីរូបនោះធ្វើអត្តឃាតលោតដោយខ្លួនឯង ពីព្រោះមុនកើតហេតុគេបានឃើញស្ត្រីខាងលើដើរទៅដើរមកក្បែរអគារកើតហេតុតាំងពីពេលយប់មកម្ល៉េះ ដោយសភាពពេលនោះ ស្ត្រីរូបនេះហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួននោះទេ។
ក្រោយកើតហេតុ គេឃើញមានរថយន្ត Pick up ១គ្រឿងជាប្រភេទរថយន្តសម្រាប់សង្គ្រោះបន្ទាន់ បានមកទទួលយកស្ត្រីរងគ្រោះដែលបានធ្លាក់ពីលើអគារនោះទៅសង្គ្រោះបន្ទាន់ តែជាអកុសលស្ត្រីរូបនោះបានបាត់បង់ជីវិត មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ ។
បច្ចុប្បន្ន សពស្ត្រីរូបនោះត្រូវបានមន្ត្រីជំនាញធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់ និងស្វែងរកក្រុមគ្រួសារនៃសពដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា

 
			







