ខេត្តកណ្ដាល÷ ជនសង្ស័យជាប្អូនប្រុសប្រើប្រាស់គ្រឿងញៀន បានងើបពីដេកស្រែកជេរម្ដាយឪពុក ហើយគ្រាន់តែបងស្រីស្ដីបន្ទោសក៏ទាញកាំបិតផ្គាក់គំរាមថានឹងសម្លាប់ទាំងអស់គ្នា។ ហេតុការណ៍មិនគួរកើតឡើងក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងផ្ទះបងស្រី (ជនរងគ្រោះ) ស្ថិតនៅក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះជាបងស្រីមានឈ្មោះ ផាត ស្រីតូច អាយុ៤៣ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ ផាត ដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ (ជាប្អូនប្រុស ពិការដៃខាងឆ្វេង) គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅវេលាកើតហេតុ ប្អូនប្រុសដែលជាជនសង្ស័យបានដើរចេញពីបន្ទប់ដេកមក
រករឿងនិងស្រែកជេរឪពុកម្ដាយ។ ពេល នោះបងស្រីក៏បាននិយាយស្ដីបន្ទោសទៅកាន់ប្អូនថា “ម៉េចអ្ហែងជេរឪពុកម្ដាយចឹង? ប្រយ័ត្នបាប!!” ភ្លាមនោះ ប្អូនប្រុសក៏ស្ទុះរត់ទៅយកកាំបិតផ្គាក់ហើយស្រែកគំរាមកំហែងថា “កុំចង់ខ្លាំង!! ប្រយ័ត្នអញកាប់ងាប់ទាំងអស់គ្នា!!”។ ដោយនិយាយណែនាំមិនស្ដាប់ ស្ត្រីជាបងស្រី (ជនរងគ្រោះ) ក៏បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ដោយមានលោក រ៉ន រតនៈ ជាសាក្សី។
ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកសួរនាំ។ វត្ថុតាងចាប់យករួមមាន កាំបិតផ្គាក់ដងដែកចំនួន ១។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងថានឹងសម្លាប់បងស្រីនិងឪពុកម្តាយប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ 

 
			








