ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់សង្ស័យពុលពងគីង្គក់បានដេកស្លាប់នៅនឹងផ្ទះម្នាក់ឯង ហើយត្រូវគេប្រទះឃើញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨និង១០នាទីស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
នគរបាលស្រុកមង្គលបុរីបានឲ្យដឹងថាៈជនរងគ្រោះមានឈ្មោះ ឃុត រតនា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ជុំ ច្រិប ភេទស្រី អាយុ១០ឆ្នាំ និងឈ្មេាះ វិន សុខលីន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅជិតផ្ទះជនរងគ្រេាះបានអោយដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី ពួកខ្ញុំបានឃើញពូរតនាគាត់អង្គុយផឹកស្រាថ្នាំក្រោមផ្ទះម្នាក់ឯង ហើយពួកខ្ញុំឃើញមានសត្វគីង្គក់លោតមកជិតគាត់គាត់ក៏បានចាប់គីង្គក់នេាះបោក រួចគាត់យកមកវះស្បែកចេញ ហើយគាត់វះពេាះគីង្គក់នេាះឃើញមានពង គាត់ក៏បានយកគីង្គក់នេាះទៅអាំងហូបទាំងពងតែម្ដង ខណៈនោះពួកខ្ញុំបានស្រៃកប្រាប់គាត់ថា ពូកុំហូបទាំងពងប្រយ័ត្នពុល តែគាត់នៅតែហូប ហើយពួកខ្ញុំក៏បានរត់ចេញមកដើរលេងបាត់ទៅ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨និង១០នាទី ម្តាយខ្ញុំបានប្រាប់ខ្ញុំថាយប់មុិញប្រហែលម៉ោង១០ជាងឮសំឡេង អារតនាវាក្អួតខ្លាំងៗ តែម្ដាយខ្ញុំមិនចាប់អារម្មណ៍ទេស្មានតែគាត់ស្រវឹងស្រាហើយក្អួតធម្មតា ទើបគាត់មិនបានចេញមកមើល ហើយគាត់ក៏ដេកវិញទៅ រហូតព្រឹកឡើងម៉ោង៨និង១០នាទីម្ដាយខ្ញុំបានក្រោកមកមើលក៏ឃើញពូរតនាដេកក្រោមអង្រឹង ហើយម្ដាយខ្ញុំដើរទៅមើលឃើញគាត់ស្លាប់បាត់ទៅហើយ ខ្ញុំក៏បានប្រាប់ម្ដាយខ្ញុំថាពិម្សិលមុិញខ្ញុំបានឃើញពូរតនាគាត់ចាប់គីង្គក់អាំងហូបទាំងពង ប្រហែលគាត់ពុលពងគីង្គក់ស្លាប់ហើយម៉ែ ហើយម៉ែរបស់ខ្ញុំក៏បានរាយការណ៍ប្រាប់អាជ្ញាធរតែម្ដង (សូមបញ្ជាក់ជនរងគ្រេាះរស់នៅផ្ទះម្នាក់ឯង ជាមនុស្សញៀនស្រា )។
នគរបាលស្រុកមង្គលបុរីបានបញ្ជាក់ឲ្យដឹងទៀតថា តាមការសន្និដ្ឋានរបស់គណៈកម្មការត្រួតពិនិត្យសព យោងតាមការសាកសួរបំភ្លឺនៅកន្លែងកើតហេតុនិងតាមការត្រួតពិនិត្យនិងស្រាវជ្រាវរបស់មន្រ្ដីជំនាញនិងក្រុមការងារ ព្រមទាំងការបញ្ជាក់ពីលោកគ្រូពេទ្យ សុខា មុនិញ គ្រូពេទ្យកោសល្យវិច័យស្រុក ក្នុងការពិនិត្យលើសពយើងសន្និដ្ឋានបឋមថា ជនរងគ្រេាះពិតជាស្លាប់ដោយសារ (ហូបពងគីង្គក់បណ្ដាលអោយពុលស្លាប់ ពិតមែន) សពប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពែណី៕

 
			








