ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ ជួយពន្លឿនផ្ដល់បណ្ណកម្មសិទ្ធ តបណ្ដាញទឹក ភ្លើង និងការងារប្រមូលសំរាមឱ្យបានលឿន ទាន់ពេលវេលា ព្រោះយូថ្ងៃស្អុយ(រស់នៅស្អាត សុខភាពល្អ ) ក្នុងវេទិការនេះដែរពលរដ្ឋ មិនបានលើក ពាក់ព័ន្ធ ភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់នោះទេ ។
នេះបើតាមការលើកឡើងរបស់ លោកហ៊ុន សុរិទ្ធី អភិ បាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ ក្រោមវត្តមានលោក ជួប ខុន សមា ជិកក្រុមប្រឹក្សា តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌ ដង្កោ។
លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ វេទិកាសាធារណៈនៅក្នុងខណ្ឌដង្កោនេះ ប្រជាពលរដ្ឋបានលើកជា សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន០៥នាក់ និង សំណើ និងសំណូម ពរជាលាយលក្ខណ៍អក្សរ មានចំនួន១៥ច្បាប់សរុប ២០បញ្ហាដែលមានដូចជាការស្នើសុំការពន្លឿនការផ្តល់បណ្ណ កម្មសិទ្ធិអចលនទ្រព្យ,ស្នើសូមឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី ពន្យល់ពលរដ្ឋ ឱ្យបានយល់ពីនីតិវិធីនៃការបង់ពន្ធប្រថាប់ត្រាលើបណ្ណកម្មសិទ្ធិអចលនទ្រព្យ,ស្នើសុំ តបណ្តាញទឹកស្អាតចូលបុរី VIPនិងបុរីសំព័រនិងការស្នើសុំឱ្យក្រុមហ៊ុនប្រមូល ដឹកជញ្ជូនសំរាម ដឹកសំរាមចេញឱ្យបានលឿន និងទៀងពេលកុំឱ្យទុកចោលយូពេក។
លោក ហ៊ុន សុរិទ្ធី បានបញ្ជាក់ថា៖ ការលើក ឡើង ជាសំណើ សំណូមពរ ឆ្នាំនេះមានចំនួនត្រឹមតែ២០ ច្បាប់ប៉ុណ្ណោះ មិនច្រើនដូចបណ្ដាឆ្នាំមុនៗនោះទេហើយរាល់សំណើរ សំណូមពរទាំងនោះទៀតសោធ ក៏មិនមានពាក់ព័ន្ធភូមិ សង្កាត់មានសុវត្ថិភាព ចោរលួច ចោរប្លន់ថែមទៀត។នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារ បំរើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។
លោក ជួប ខុន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់សំណូម ពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន៕

ដោយ៖ សំរិត









