លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស អញ្ជើញក្នុងកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម , កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម ត្រូវបានរៀបចំធ្វើនៅខេត្តឡាមដុង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៥ ដែលដឹកនាំដោយសហប្រធាន លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និងលោក Vu Quang Toan ប្រធាននាយកដ្ឋានប្រឆាំងការរត់គេចពន្ធនិងស៊ើបអង្កេតបទល្មើសគយ។ កិច្ចប្រជុំលើកនេះ រៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៥, ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើស ឆ្លងដែន និងទិន្នន័យស្ថិតិពាណិជ្ជកម្មនាំចេញនាំចូល, ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ និងបទល្មើសឆ្លងដែន ស្របតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខានាឆ្នាំ២០១៩ និងកំណត់ហេតុនៃកិច្ចប្រជុំកម្រិតអគ្គនាយក គយនៃរដ្ឋបាលគយទាំងពីរនាឆ្នាំ២០២៤។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១.​ភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន៖ ក) ធ្វើបច្ចុប្បន្នភាពឈ្មោះ  មន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់ ខ). បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការនិងបង្រ្កាប និងស៊ើបអង្កេតបទល្មើសរត់គេចពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់​ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងអន្តរជាតិដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី គ) ពិនិត្យពិភាក្សា និងសិក្សា ស្វែងរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចសម្របសម្រួលដើម្បីបង្ការនិងបង្រ្កាបទំនិញរត់គេចពន្ធដែលមានហានិភ័យភាពខ្ពស់នៅតំបន់ជាប់ព្រំដែន, រៀបចំកសាងយន្តការត្រួតពិនិត្យរួមគ្នា ព្រមទាំងពង្រឹងការអនុវត្តកម្មវិធីត្រួតពិនិត្យរួមគ្នាលើការងារគយសំខាន់ៗ ឃ)បន្តរៀបចំប្រជុំទេ្វភាគីថ្នាក់ខេត្តជាប់ព្រំដែនឱ្យបានទៀងទាត់ និងតាមករណីចាំបាច់ និងង).បន្តរៀបចំសហការផ្សព្វផ្សាយជាសាធារណៈនូវច្បាប់និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន និងធុរជនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងដែន អំពីផលវិបាកនៃការរត់គេចពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនដែលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិនៃប្រទេសទាំងពីរ។

២. ភាគីវៀតណាមបានដឹកនាំគណៈប្រតិភូគយកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពនៃការអនុវត្តការងារនិងនីតិវិធីគ្រប់គ្រងការបញ្ចេញទំនិញពីគយ នៅការិយាល័យគយដាឡាត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមាន សារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែល្អ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print