អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖ កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AKP​ នៃក្រសួងព័ត៍មាន​ បានឱ្យដឹងនៅថ្ងៃអាទិត្យទី០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះថា​ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិមុនៗមក បន្តរហូតដល់អាណត្តិទី៧ នេះ។ ការធានាបរិយាកាសល្អ មានសុវត្ថិភាព អំណោយផលដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ត្រូវបានបន្តលើកកម្ពស់ និងការពារ ខណៈការផ្តល់កិច្ចគាំពារសង្គម និងផ្លូវច្បាប់ ត្រូវបានបន្តយកចិត្តទុកដាក់ខ្លាំង ពីសំណាក់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ចំពោះអ្នកសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់ គោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អនុវត្តតួនាទីនិងភារកិច្ច ដោយអនុលោមតាមច្បាប់កំណត់។

ទីភ្នាក់ងារ​ AKP​ បានឱ្យដឹងទៀតថា​ ជាក់ស្តែង របាយការណ៍ស្ទង់មតិទូទាំង ប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញអំពីលំហសេរីភាពប្រសើរក្នុងការប្រកបការងារដោយអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការ ប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព គ្មានការយាយី និងមានបរិយាកាសងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ លទ្ធផលនេះបានបង្ហាញពីការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។ ជាមួយគ្នានេះ តាមរបាយការណ៍ស្ទង់មតិ អ្នកសារព័ត៌មានចំនួន ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។

តាមទិន្នន័យ និងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាម្នាក់ត្រូវសម្លាប់ក្នុងពេល បំពេញការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ គិតចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ យោងតាមទិន្នន័យស្ថិតិដដែលនេះ អតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ៤ រូប បានទទួល មរណភាពដោយជរាពាធ ហើយអ្នកសារព័ត៌មាន ១ រូបបានទទួលមរណភាព ដោយការលបបាញ់ព្រោះគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជម្រះក្តីហើយ។

អ្នកសារព័ត៌មានទាំងអស់ដែលប្រកបវិជ្ជាជីវៈរបស់ខ្លួន ដោយ ក្រមសីលធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានយកចិត្តទុកដាក់ តាមរយៈការអនុវត្តកម្មវិធីគាំពារ និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រសួងព័ត៌មានបានផ្តោតការងារអាទិភាពក្នុងការពារសិទ្ធិនិងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈ បន្តតម្រង់ទិស លើការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីបន្តធានាការអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបការងារក្នុង វិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអាជីព មិនមែនអាជីព នៅទូទាំងប្រទេសកម្ពុជា។

គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយ វិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំង ការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។

អំពីនិទណ្ឌភាពវិញ គេពុំអាចនិយាយថាករណីណាមួយជានិទណ្ឌភាព បានទេប្រសិនបើនីតិវិធី និងដំណើរការនានាក្នុងក្របខណ្ឌតុលាការ មិនទាន់បានបញ្ចប់ ហើយវាជាសមត្ថកិច្ច និងកាតព្វកិច្ចរបស់តុលាការ ដែលជាអំណាចឯករាជ្យក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ។ នៅកម្ពុជា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់។ កម្ពុជាបាន និងកំពុង ការពារសិទ្ធិសេរីភាពសារព័ត៌មាន លើកតម្កើងសេរីភាពបញ្ចេញមតិឱ្យកាន់តែ ប្រសើរបន្ថែមទៀត ក្នុងនោះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងគុណភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាយន្តការគន្លឹះ សម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្រោមការដឹកនាំរបស់ក្រសួងព័ត៌មាន ក្នុងការអនុវត្ត គ្រប់គ្រង និងអភិវឌ្ឍ ពិសេសដើម្បីធានាជំនឿទុកចិត្ត និងសិទ្ធិទទួលព័ត៌មានពិតរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

...

លោកអ្នកនាំពាក្យ​រូបនេះ​ បានបន្ថែមថា៖ “ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការគោរពក្រមសីលធម៌រាល់ពេលដែលខ្លួនចុះយកព័ត៌មាន ផលិត និងផ្សាយព័ត៌មាន ដើម្បីធានាភាពសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។ សូមអ្នកសារព័ត៌មាន ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលធ្វើប្រធានបទពិបាក ដូចជាករណីពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ ជានិច្ចជាកាលត្រូវ ស្វែងរកការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាផ្តល់ព័ត៌មានជូន សមត្ថកិច្ចជំនាញ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពពលរដ្ឋក្នុង សហគមន៍ ដែលចុះទៅយកព័ត៌មាន ព្រមទាំងរក្សាបានការចូលរួមជំរុញ ប្រសិទ្ធភាពការងារ និងគ្រប់គ្រង អភិវឌ្ឍសហគមន៍ និងសូមក្រើនរំលឹកជាថ្មី អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសដែន ឬលើសពីតួនាទីរបស់ខ្លួនជាអ្នកសារព័ត៌មានឡើយ និងមិនត្រូវប្រើព័ត៌មាន សម្រាប់ទាញយកផលប្រយោជន៍អ្វីមួយ ដែលវាអាចនាំមកនូវផលវិបាក ហានិភ័យនិងគ្រោះថ្នាក់ដល់ជីវិតនោះទេ”៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print