បទវិភាគ​៖​ ចិននិង​កូរ៉េខាងត្បូងជា​ប្រទេសជិត​ខាងដែល​មិនអាចរើ​ចេញ​បាន​​និង​ជា​ដៃគូដែល​មិនអាច​បំបែកបាន

ចែករំលែក៖

ប្រទេសចិន​៖​ យោងតាម​ការចុះផ្សាយ​របស់​ CCFR បាននិយាយថា​ យប់ថ្ងៃទី១​ខែវិចិ្ឆកា ​លោក ​Xi ​Jinping ​​ប្រធានរដ្ឋចិន​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មកដល់​ក្រុង​ប៉េ​កាំង​វិញ​បន្ទាប់ពី​បាន​បញ្ចប់​ការចូលរួម​សន្និសីទ​ក្រៅ​ផ្លូវការ​លើក​ទី​៣២​នៃ​ថ្នាក់​ដឹកនាំ​អង្គ​ការ​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី​-ប៉ាស៊ីហ្វិក​និង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ ។ ក្នុងនោះ ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi ​Jinping ​​ប្រធានរដ្ឋចិន​នៅ​កូរ៉េខាង​ត្បូង​លើកនេះ​គឺជា “ការ​ទៅលេង​ផ្ទះអ្នកជិត​ខាងដើម្បី​សួរ​សុខ​ទុក្ខ​មិត្តភក្តិ” ​បន្ទាប់ពី​រំលង​អស់​រយៈ​ពេល​១១ឆ្នាំ ​ហើយក៏ជាកិច្ច​​ជំនួបពិភាក្សា​លើកដំបូង​រវាងប្រមុខរដ្ឋ​ចិននិង​កូរ៉េ​ខាង​ត្បូង​បន្ទាប់​ពីលោក Lee ​​Jae-myung ​ឡើងកាន់មុខ​តំណែងជា​ប្រធានាធិបតី​ផងដែរ ​។ ​

ដំណើរ​ទ​ស្សន​កិច្ច​របស់​លោក ​Xi ​Jinping​ប្រធានរដ្ឋចិន​លើកនេះ​បានជំរុញ​យ៉ាង​ខ្លាំង​នូវ​ការ​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្មនិង​វប្បធម៌​មនុស្សជាតិ​ជាដើមរវាង​ចិន​និង​កូរ៉េខាងត្បូង ​ទំនាក់ទំនងរវាង​ចិននិងកូរ៉េ​ខាងត្បូង​នឹង​ទទួល​ដំណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី ។

ក្នុងនាមជា​ប្រទេសជិតខាង​និងដៃគូ​សហប្រតិបត្តិការ​ដ៏សំខាន់ ​ចាប់ពី​បាន​បង្កើតទំនាក់​ទំនង​ផ្លូវ​ទូតនៅ​ឆ្នាំ១៩៩២មក ​ចិននិងកូរ៉េខាង​ត្បូងបាន​ជំរុញយ៉ាង​សកម្មនូវ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការលើ​គ្រប់​វិស័យ ដែល​សម្រេចបាននូវ​ការផ្តល់ផលប្រយោជន៍ដល់​គ្នា​ទៅ​វិញទៅមក​និងវិបុលភាពរួម ។ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគីសរុប​រវាងចិន​និងកូរ៉េខាងត្បូង​នៅ​ឆ្នាំ២០២៤​បានកើនឡើង​លើសពី​៦០ដង​បើប្រៀបធៀប​នឹង​កាលពី​បង្កើត​ទំនា​ក់​ទំនង​ផ្លូវ​ទូតដំបូង​ៗ ចិនបាន​ក្លាយ​ជាដៃគូពាណិជ្ជកម្មធំ​ទីមួយរបស់កូរ៉េខាង​ត្បូង​ក្នុង​រយៈ​ពេល​២១​ឆ្នាំជាប់ៗគ្នា ​ហើយ​កូរ៉េខាងត្បូងគឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំទីពីររបស់ចិន ​។ល។ ​ក្នុង​រយៈ​ពេល៣៣ឆ្នាំ​កន្លងទៅនេះ ​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​កូរ៉េខាងត្បូង​ទទួល​បាន​សមិទ្ធ​ផលផង ​ហើយក៏ឆ្លងកាត់​ឧបសគ្គផងដែរ ។

បច្ចុប្បន្ននេះ ​តើនឹងត្រួសត្រាយ​ស្ថានភាពថ្មីនៃ​ទំនាក់ទំនង​រវាងចិននិង​កូរ៉េខាងត្បូង​តាម​របៀប​ណា? ​លោក ​Xi ​​Jinping ​ប្រធានរដ្ឋចិន​បាន​​លើកឡើង​សំណើ​៤ចំណុចគឺ​ ៖ ​“បង្កើន​ការប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្ត្រ​ ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ការកសាង​ទំនុកចិត្តគ្នា” ​“ធ្វើឱ្យ​ស៊ី​ជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នាទៅ​វិញេទៅ​មក ​ពង្រឹង​ខ្សែ​សង្វាក់​ផលប្រយោជន៍​ឱ្យ​​កាន់តែ​រឹងមាំ” ​“លើកកម្ពស់​មនោសញ្ចេតនា​របស់ប្រជាជន ​ជំរុញ​ការតភ្ជាប់​ដួងចិត្តរវាង​ប្រជាជន​និងប្រជាជន” ​និង“ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ពហុភាគី​មាន​ភាពជិតស្និទ្ធ​ រួមគ្នាជំរុញ​ការអភិវឌ្ឍ​ដោយសន្តិភាព” ​។ លោក​ ​Lee ​​Jae-myung ​​ប្រ​ធា​នា​ធិបតី​កូរ៉េខាងត្បូង​បានថ្លែងថា ​ភាគីកូរ៉េ​ខាងត្បូង​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ទំនាក់ទំនង​ជា​មួយ​ប្រទេសចិន​ រីករាយខិតខំ​ប្រឹងប្រែងជាមួយ​ភាគីចិន ​ដើម្បីជំរុញឱ្យ​ទំនាក់ទំនង​សហ​ប្រតិបត្តិការ​ដ៏មេត្រីភាព​ទ្វេភាគីទទួល​បានការអភិវឌ្ឍ​កាន់តែធំឡើង ​។

ការ​កសាង​ទំនុកចិត្តខាង​នយោបាយ​ជាមូលដ្ឋាន​នៃទំនាក់ទំនង​រវាងចិននិង​កូរ៉េខាង​ត្បូង​។​ ប្រឈមមុខនឹង​បម្រែបម្រួលដ៏​ស្មុគ្រស្មាញនៃ​បរិយាកាស​អន្តរជាតិ​ ចិននិង​កូរ៉េខាង​ត្បូង​ប្រកាន់​ខ្ជាប់​គោលបំណង​ដើមនៃការបង្កើត​ទំនាក់ទំនង​ផ្លូវទូត ទប់​ស្កាត់​ការរំខាន​ពីខាង​ក្រៅ​ ​អភិវឌ្ឍរួម​គ្នាដោយ​គោរពគ្នាទៅ​វិញទៅមក​និងធ្វើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ក្នុង​ការស្វែងរក​ចំណុច​ឯកភាពគ្នា​និង​រក្សាទុក​គំនិតមិន​ស្រប​គ្នា នេះគឺជា​ចំណែក​ដ៏គន្លឹះ​បំផុត​ក្នុងការត្រួសត្រាយ​ស្ថានភាពថ្មីនៃ​ទំនាក់ទំនងទ្វេភាគី ។
កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្មជា​ “យុថ្កា​សម្រាប់​លំនឹង​នាវា”​នៃ​ទំ​នាក់​ទំនងរវាងចិន​និងកូរ៉េខាងត្បូង​ ។ នៅឆ្នាំ២០២៤​ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងចិននិង​កូរ៉េ​ខាង​ត្បូងឡើងដល់​៣២៨ប៊ីលាន​ដុល្លារអាមេរិក​ ដែលកើនឡើង​៥,៦ភាគរយ ។ ​តាម​របាយ​ការណ៍​នៃ​ធនាគារនាំចេញ​នាំចូលរបស់​កូរ៉េខាងត្បូង​និងវិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​ឧស្សា​ហកម្ម​កូរ៉េខាងត្បូង​កាលពីខែឧសភា​ឆ្នាំនេះបាន​បង្ហាញឱ្យដឹងថា​​ ប្រទេស​ទាំងពីរចិន​និង​កូរ៉េខាងត្បូងបង្កើត​បាន​ជាការបំពេញ​បន្ថែម​ឧត្តមភាព​គ្នា​កម្រិតខ្ពស់ក្នុ​ង​វិស័យ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​គន្លឹះដូច​ជាវត្ថុពាក់កណ្ដាល​ចម្លងនិងថ្មពិលជាដើម​ ។ ​ក្នុងនាមជា​អ្នក​ទទួល​ផលប្រយោជន៍​និង​អ្នកជំរុញ​ការ​ធ្វើ​សកលភាវូបនីយកម្មសេដ្ឋ​កិច្ច ចិន​និងកូរ៉េ​ខាង​ត្បូង​ក៏មានគំនិត​ឯកភាពរួម​ក្នុងវិស័យ​ធ្វើ​ពហិការ​ចំពោះ​“ការផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​”និង​គាំពារ​ស្ថិរភាពនិង​ភាពរលូននៃ​ពាណិជ្ជកម្ម​សេរីនិង​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដែរ ។

ការជួយដល់​ជិតខាងក៏ជួយ​ដល់ខ្លួនឯង ។ ​បច្ចុប្បន្ននេះ ​និន្នាការ​កែលម្អ​ទំនាក់ទំនង​រវាង​ចិន​និងកូរ៉េ​ខាងត្បូងទៅរក​ភាពល្អប្រសើរ គឺ​ទទួលបាន​ដោយ​មិនងាយទេ​ យើង​គួរថែ​រក្សា​និង​ឱ្យ​​តម្លៃ​ទ្វេដង​។ ​ឈរនៅ​ទីចាប់ផ្តើមថ្មី​ ចិននិងកូរ៉េខាង​ត្បូងដែលជា​ប្រទេសជិតខាង​ដែល​មិន​អាច​រើចេញ​បាន​និងជាដៃគូ​សហប្រតិបត្តិការដែល​មិនអាចបំបែកបាន​នឹង​ចេញ​ដំណើរ​ទៅមុខម្តងទៀត​ ការអនុវត្ត​ជាក់ស្តែងឱ្យ​បានល្អនូវគំនិត​ឯកភាពរួម​របស់ប្រមុខរដ្ឋ​នៃ​ប្រ​ទេសទាំង​ពីរ វា​មិនត្រឹមតែមាន​អំណោយផល​ដល់ប្រជាជននៃ​ប្រទេសទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំងក៏​នឹងបំពេញបន្ថែម​កម្លាំងវិជ្ជមាន​សម្រាប់​សន្តិភាពនិង​វិបុលភាព​របស់​អា​ស៊ី-ប៉ាស៊ីហ្វិក​និងពិភពលោក​ផងដែរ ៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print