នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បញ្ជាក់ប្រាប់ភាគីកូរ៉េ ថា កម្ពុជាបានត្រៀមលក្ខណៈ ក្នុងការសម្របសម្រួលជាមួយក្រុមការងារ Task Force ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥  នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ផាក អ៊ីល (Park Il) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបេសកកម្មពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា ទំនាក់ទំនងកម្ពុជា-កូរ៉េស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានរំឭកថា ថ្នាក់ដឹកនាំកំពូលកម្ពុជានិងកូរ៉េ បានជួបពិភាក្សាគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កន្លងទៅ និងបានឯកភាពជាគោលការណ៍ចំពោះការបង្កើតក្រុមការងារ Task Force ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្នុងរយៈពេលយ៉ាងខ្លី សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណាក្តី នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីទេ ដូច្នេះយើងត្រូវបន្តរួមសហការគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនទុកឱ្យជនល្មើសប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងឆបោក និងអូសទាញពលរដ្ឋបរទេសឱ្យមកធ្វើការក្នុងឧក្រិដ្ឋកម្មនៅកម្ពុជាឡើយ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានសម្តែងការត្រៀមលក្ខណៈ ក្នុងការសម្របសម្រួលជាមួយក្រុមការងារ Task Forceថ្មីនេះ។ 

ជាការឆ្លើយតប លោក ផាក អ៊ីល (Park Il) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឯកភាពជាគោលការណ៍ក្នុងការបង្កើតក្រុមការងារ Task Force និងសង្ឃឹមថា កិច្ចពិភាក្សាលម្អិតចំពោះក្រុមការងារ Task Force នេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបង្កើតក្រុមការងារ Task Force នេះ បង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ប្រទេសយើងទាំងពីរក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញថា កម្ពុជានិងកូរ៉េជាដៃគូជិតស្និទ្ធក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ។ 

លោក ផាក អ៊ីល (Park Il) ក៏បានថ្លែងអំណរគុណកម្ពុជា ដែលកន្លងមកបានបញ្ជូនពលរដ្ឋកូរ៉េដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រលប់ទៅប្រទេសដើមវិញ។ អាជ្ញាធរកូរ៉េនឹងបន្តស៊ើបអង្កេតលើករណីពលរដ្ឋទាំងនោះ និងចែករំលែកលទ្ធផលជាមួយកម្ពុជាវិញ។ 

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរព័ត៌មាន ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់បណ្តាញអង្គការចាត់តាំងនៃឧក្រិដ្ឋកម្មនេះ ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print