យន្តហោះដឹកទំនិញ UPS MD-11 មួយគ្រឿងបានធ្លាក់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Louisville ផ្ទុះ និងបង្កើតជាផ្សែងហុយឡើងយ៉ាងខ្លាំង។ សារព័ត៌មាន Reuters បានផ្សាយថា មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និង១១នាក់រងរបួស បន្ទាប់ពីយន្ដហោះដឹកជញ្ជូនមួយគ្រឿងរបស់ក្រុមហ៊ុន UPS បានធ្លាក់នៅក្នុងទីក្រុង Louisville រដ្ឋ Kentucky នៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) បណ្ដាលឱ្យផ្ទុះឆេះ។
លោក Andy Beshear ជាអភិបាលរដ្ឋ Kentucky បាននិយាយថាយន្ដហោះខាងលើបានធ្លាក់ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាន Muhammad Ali International ក្នុងទីក្រុង Louisville ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Honolulu។ លោកបន្ថែមថានៅក្នុងចំណោមអ្នករងរបួស មានអ្នកខ្លះរងរបួសធ្ងន់ធ្ងរ ដូច្នេះលោកយល់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ នៅក្នុងវីដេអូមួយបង្ហោះដោយស្ថានីយទូរទស្សន៍ WLKY បានបង្ហាញពីភ្លើងឆេះចេញពីស្លាបម្ខាងរបស់យន្ដហោះ ហើយភ្លើងបានផ្ទុះឆេះយ៉ាងសម្បើម នៅពេលយន្ដហោះនេះធ្លាក់ទៅដល់ដី ដោយបណ្ដាលឱ្យអគារជាច្រើននៅក្នុងតំបន់ឧស្សាហកម្មមួយត្រូវបានឆាបឆេះ។
តាមក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលអាមេរិក យន្ដហោះដឹកជញ្ជូនខាងលើមានផ្ទុកក្រុមអ្នកធ្វើការនៅលើយន្ដហោះ ៣នាក់ ដែលត្រូវបានរាយការណ៍ថាបានស្លាប់ទាំងអស់។ តែមូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕
រូបថត:vnexpress










