ខេត្តក្រចេះ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលក្រចេះ បញ្ជាកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ១នាក់។
វត្ថុតាងចាប់យក -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៤.៨៤ក្រាម,ទូរស័ព្ទចំនួន ០១គ្រឿង, ថង់សម្រាប់រំលែកគ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕










