ទីក្រុងឡុងដ៍៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ លោករដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៤ វិច្ឆិកាថ្មីៗនេះបានទទួលជួបពិភាក្សាការងារជាមួយលោក Tom Hall ជាអនុប្រធានក្រុមហ៊ុន Lonely Planet សៀវភៅមគ្គុទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet និងសហការី ចូលជួបពិភាក្សាការងារ ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀមក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយដែលត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។
ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញលោក Tom Hall និងសហការី មកទស្សនានៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីបានឃើញផ្ទាល់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល៕
ដោយ៖តារា










