កម្លាំងនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្ក្រាបករណីជួញដូរគ្រឿងញៀន និងចាប់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកពញាក្រែក បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀនដ៏កក្រើកមួយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលនិងដឹកនាំនីតិវិធីផ្ទាល់ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កម្លាំងព្រហ្មទណ្ឌ និងកម្លាំងសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្លុង។

អត្តសញ្ញាណជនសង្ស័យដែលត្រូវឃាត់ខ្លួនបានគឺ ឈ្មោះ សែ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងប្លុងទី១ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែកឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនបានប្រើប្រាស់វិធានការច្បាប់តាមមាត្រា៧៩ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង លោក រ៉ា បូរ៉ាន់ឌី ក្នុងការប្រើប្រាស់ភ្នាក់ងារសម្ងាត់ទៅធ្វើការទិញថ្នាំញៀនពីឈ្មោះ សែ វិសាល ក្នុងតម្លៃ ១,៥០០,០០០រៀល។

ឈ្មោះ សែ វិសាល បានណាត់ភ្នាក់ងារសម្ងាត់ទៅទទួលយកថ្នាំញៀននៅចំណុចហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្លុងទី២ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក។ ពេលដែលឈ្មោះ សែ វិសាល កំពុងប្រគល់ថ្នាំញៀនឱ្យភ្នាក់ងារសម្ងាត់នោះ កម្លាំងសមត្ថកិច្ចដែលឃ្លាំមើលនៅក្បែរនោះ បានសម្រុកចូលទៅចាប់ខ្លួនបានភ្លាមៗ និងត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់នៅជាប់ខ្លួនជនសង្ស័យ។ ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្លុង ដើម្បីធ្វើការសាកសួរ។

ជាក់ស្តែងកម្លាំងជំនាញ ដោយផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ សែ វិសាល ដែលបានឆ្លើយថា ខ្លួនបានទិញថ្នាំញៀននោះ ពីមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ កម្លាំងសមត្ថកិច្ចបានសុំគោលការណ៍បន្ត ដើម្បីឱ្យជនសង្ស័យ សែ វិសាល ធ្វើការទំនាក់ទំនងទិញថ្នាំញៀនបន្ថែមទៀត។

រហូតនៅវេលាម៉ោង១៨និង២៨នាទីល្ងាច មេខ្លោងជួញដូរគ្រឿងញៀននោះ បានបើករថយន្តម៉ាកសាំយ៉ុងពណ៌លឿង (មិនចាំស្លាកលេខ) មកឈប់ក្បែរខ្លោងទ្វារវត្តត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក។ មេខ្លោងបានទាក់ទងមកជនសង្ស័យ សែ វិសាល ឱ្យមកយកថ្នាំញៀននៅទីតាំងខាងលើ។

ពេលមកដល់ ជនសង្ស័យ សែ វិសាល បានចង្អុលបង្ហាញប្រាប់សមត្ថកិច្ចថា រថយន្តដែលកំពុងឈប់នោះ គឺជារថយន្តរបស់មេខ្លោង។ កម្លាំងសមត្ថកិច្ចបានប្រើ ប្រាស់រថយន្តមួយគ្រឿងបាំងពីមុខ និងរថយន្តពីរគ្រឿងទៀតបាំងពីក្រោយរថយន្តមេខ្លោង។ ប៉ុន្តែភ្លាមៗនោះ មេខ្លោងជួញដូរគ្រឿងញៀនបានបើករថយន្តបុកទៅមុខ ថយក្រោយ ចុះឡើង បុកមកលើរថយន្តរបស់កម្លាំងសមត្ថកិច្ច ហើយក៏បុកចេញទៅមុខ ឆ្ពោះទៅទិសខាងលិច រត់គេចខ្លួនបាត់តែម្ដង។ កម្លាំងសមត្ថកិច្ចបានបើករថយន្តដេញតាម ប៉ុន្តែតាមមិនទាន់។

សូមបញ្ជាក់ជូនថា វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន០១កញ្ចប់ ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន០២ កែវសម្រាប់ជក់ថ្នាំញៀនចំនួន០១ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សែ វិសាល ត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូតដើម្បីបំពេញសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមនីតិវិធី។

...

គួរបញ្ជាក់ផងដែរថា ការបង្ក្រាបនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ដើម្បីរក្សាសន្តិសុខសង្គមជូនប្រជាពលរដ្ឋ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print