ខេត្តបាត់ដំបង៖ ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះបេីយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានបញ្ជាក់ថា ចំនួនភ្ញៀវមកលេងខេត្តបាត់ដំបងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥ នាក់ គឺមានការកើនឡើង ១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។
លោកបន្ថែមថាក្នុងភ្ញៀវទាំងជាង១២ម៉ឺននាក់ឆ្នាំនេះ មាន ភ្ញៀវជាតិ ១២៣,០៨០ នាក់ កើនឡើង ១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩,៦៧៧ នាក់ និង ភ្ញៀវអន្តរជាតិ ៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨១២ នាក់។
បើតាមមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវដែលមកលេង និងស្នាក់នៅខេត្តបាត់ដំបង បានដើរកំសាន្តនៅតាម រមនីដ្ឋាននានាក្នុងខេត្ត កំសាន្តតាមទីវត្តអារាមដែលរៀបចំកមកម្មវិធីដាល់អំបុក និងមកលេង កណ្តាល ក្រុងបាត់ដំបង ពិសេសតាមបណ្តោយផ្លូវលេខពីរកកកុញ ដែលមានរៀបចំមហោស្រពសិល្បៈ ទីក្រុងស្អាត ២០២៥ ដែលរៀប ចំដោយអង្គការហ្វារពន្លឺសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ជាដើម ៕
ដោយ៖តារា










