ភ្នំពេញ ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករានាព្រឹកថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកក្រុមជំនួយការ និងក្រុមចំណុះ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ១៤៣ រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
បន្ទាប់ពី លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក ណុប រតនៈ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអាននូវរបាយការណ៍វឌ្ឍនភាពការងារកន្លងមក និងអានសេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតីទទួលស្គាល់សមាជិកក្រុមជំនួយការបំពេញបន្ថែមផ្នែកក្រសួង-ស្ថាប័ន រួចមក លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមជំនួយការ និងក្រុមចំណុះ ផ្នែកក្រសួង-ស្ថាប័ន យ.គ.ក. ទាំងអស់ផងដែរ។
លើសពីនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ក្រុមជំនួយការទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលគួរជាទីមោទនដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសំភារៈ ថវិកា ដើម្បីរួមចំណែកកសាង កម្លាំងយុវជន លើកកម្ពស់ស្មារតីភ្ញាក់រលឹក និងជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សនៅគ្រប់ដំណាក់កាលបោះឆ្នោត ។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះ-ឈ្នះ, គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្ស ត្រូវតែមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្ស តែនៅពេលពាក់អាវគណបក្សនោះទេ សុំឱ្យមានជារៀងរហូតនៅក្នុងខ្លួនរបស់យើងម្នាក់ៗ ទើបក្លាយជាកោសិកា ជាឈាមជ័ររបស់បក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំជាតិទៅថ្ងៃអនាគត។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកឡើងជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដោយយកភាពអត់ធ្មត់ជាមូលដ្ឋានគ្រឹះ តាមរយះយុទ្ធសាស្រ្តស្ងាត់ តែមិននៅស្ងៀមរបស់រាជរដ្ឋាភិបាល ។ តាមរយះជោគជ័យទាំងនេះ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់ តែច្បាស់ , កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ, ជាពិសេសថ្នាក់ដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលជានាយករដ្ឋមន្រ្តីពោរពេញដោយសមត្ថភាព និងភាពជាអ្នកដឹកនាំ ហើយកម្ពុជាទទួលបានបន្ថែមទៀតនូវពន្ធបដិកាពាណិជ្ជកម្មផងដែរ ។
មុននឹងបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍មួយចំនួន និងបានអំពាវនាវឱ្យក្រុមជំនួយការទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន គៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការធ្វើអំពើល្អ, ការគោរពវិន័យ, ការចូលរួមប្រកបដោយឆន្ទៈ, ការទទួលខុសត្រូវខ្ពស់ និងកាលះបង់ ព្រមទាំងឈរលើគោលការណ៍ សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តបន្ទាប់ ។ សមាជិក សមាជិកាគណបក្ស ត្រូវបំផុសចលនាកៀរគរ អូសទាញ បំពាក់បំប៉នសតិអារម្មណ៍សមាជិកថ្មីជាយុវជន ជាពិសេសពលករដែលទើបមកពីប្រទេសថៃ ដោយធ្វើសកម្មភាពតាមគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំផ្សេងៗរបស់គណបក្ស ហើយត្រូវទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមអភិក្រមរបស់គណបក្សនោះគឺ « រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក »៕
ដោយ ៖ សិលា










