ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងម៉ូតូសណ្តោងរ៉ឺម៉កនឹងម៉ូតូ បណា្តលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់ និងមនុស្សម្នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមុខផែស្ងួតសុកន លើផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ១-ភាគីម៉ូតូម៉ាក Honda Wave ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1G-8993 អ្នកបើកបរ និងអ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណ(របួសធ្ងន់ ០១នាក់, ស្លាប់ ០១នាក់)។ ២-ភាគីម៉ូតូសណ្តោងរ៉ឺម៉ក មិនស្គាល់ម៉ាកនិងផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចោលម៉ូតូសណ្តោងរ៉ឺម៉កបាត់)។
សមត្ថកិច្ចបានបញ្ចាក់ទៀតថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង និងម៉ូតូវ៉េវបើកបរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុយានទាំង០២គ្រឿងបានបុកគ្នាបណ្តាលអោយម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូរងការខូចខាតធ្ងន់។
បច្ចុប្បន្ន យានយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វេីកំណត់ហេតុដេីម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ









