ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីបានចំនួន likes, shares, views, សូមសាធារណជនប្រុងប្រយ័ត្ន និងសូមទទួលព័ត៌មានតែពីប្រភពផ្លូវការ!
គួររម្លឹកថា កន្លងទៅលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន ធ្លាប់មានប្រសាសន៍ថា៖ ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែល។
យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ដូច្នេះមនុស្សម្នាក់ គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជនទាំងអស់។ យើងរួមគ្នាធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព៕ដោយ៖សតារា










