សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា (ម៉ោងនៅវ៉ាស៊ីនតោន)ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបិទបញ្ចប់វិបតិ្តគាំងកញ្ចប់ថវិកា ឬ shutdown ដែលមានរយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនឹងត្រូវបញ្ជូនបន្តទៅឱ្យសភាតំណាងរាស្ត្របោះឆ្នោតអនុតម័ត។
សេចក្ដីព្រាងច្បាប់ខាងលើដែលជាកិច្ចព្រមព្រៀងសម្រុះសម្រួលមួយរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋត្រូវបានព្រឹទ្ធសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៦០ ទល់នឹង ៤០សំឡេងជំទាស់ ខណៈសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យជាច្រើននាក់បានចូលរួមជាមួយគណបក្សសាធារណរដ្ឋដើម្បីអនុម័តសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់ខាងលើនឹងត្រូវបានបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដើម្បីបោះឆ្នោតអនុម័ត។ ប្រធានសភាតំណាងរាស្ត្រ មកពីខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson បាននិយាយថារូបលោកជំរុញការអនុម័តលើសេចក្ដីព្រាងច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីអាចបញ្ជូនបន្តទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាឱ្យក្លាយជាច្បាប់ជាផ្លូវការ។
កិច្ចព្រមព្រៀងសម្រុះសម្រួលរវាងគណបក្សទាំង២ នឹងទម្លាក់កញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាលអាមេរិកចាយវាយរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំក្រោយ៕
រូបថត: AFP










