ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងបាវិតទាំងអស់ថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា ផ្លូវបេតុងមួយខ្សែប្រវែង ៤០៣ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្រាស់ ០.១៨ម៉ែត្រ ស្ថិតនៅផ្លូវលំ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត។
ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមបណ្តោយផ្លូវខាងលើ មេត្តារុះរើរបង សំយ៉ាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណី ផ្លូវសាធារណៈរបស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលក្រុង នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
ម៉្យាងវិញទៀត ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការជួសជុលផ្លូវខាងលើប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស រដ្ឋបាលក្រុង នឹងផ្អាកការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើផ្លូវនេះ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ការ ស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ។
រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់។










