សម្ដេចធិបតី ស្នើឱ្យបើកការស៊ើបអង្កេតឯករាជ្យរកការពិត និងអំពាវនាវភាគីបរទេសដែលមានជំនាញចូលរួម ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែរស្លាប់ និងរបួសព្រោះថៃបាញ់ប្រហារ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រលប់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានស្នើឱ្យបើកការស៊ើបអង្កេតឯករាជ្យរកការពិត និងអំពាវនាវភាគីបរទេសដែលមានជំនាញចូលរួម ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែរស្លាប់ និងរបួសព្រោះថៃបាញ់ប្រហារ។

ការស្នើដូច្នេះរបស់សម្ដេចធិបតី​ បន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ ៣​ និង៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ​ ដោយយោធាថៃ​ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់ស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសជន៣នាក់។  

ជាមួយគ្នានេះ​ ក្រសួងការពារជាតិកម្ពុជា អះអាងថា ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ 

ក្រសួងការពារជាតិ ក៏សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

...

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print