ភ្នំពេញ ៖ «ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកត្រូវជាឯកតោភាគី។» នេះគឺជាការគូសបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បន្ទាប់យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់ស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសជន៣នាក់ កាលពីវេលាម៉ោងប្រមាណ ៣:៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្តែបែជាចោទថាកម្ពុជាអ្នកបាញ់។
បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃ បានបើកការវាយប្រហារមកលើពលរដ្ឋស៊ីវិល បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
«ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)»។ នេះជាបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភាក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១២ ខែវិច្ឆិកា។
ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើង បើទោះជាមានសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌រួមគ្នាយ៉ាង ណាក៏ដោយ។ ព្រឹទ្ធសភាកម្ពុជា ចាត់ទុក អំពើឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ដែលបណ្តាឱ្យជនស៊ីវិលខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោភបំពានដោយផ្ទាល់ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការសន្ទនា និងកិច្ច សហប្រតិបត្តិការ។
ព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ ភាគីថៃបានប្រឌិតការចោទប្រកាន់មិនពិត ជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែននានា ដើម្បីជា លេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួន។ កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋានអស់ទាំងនេះរបស់ភាគីថៃ ។ « យើងមានការសោកស្តាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង(ថៃ) ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្តាលផង ជំនួសឱ្យការគោរពគោលការណ៍សមភាព និងការ គោរពគ្នាទៅវិញទៅមក»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភា។
អ្នកនាំពាក្យព្រឹទ្ធសភាបន្តរៀបរាប់យ៉ាងដូច្នេះ ៖ « ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នក ណាខុស និងអ្នកណាត្រូវ ជាឯកតោភាគី ។ ភាពក្រអឺតក្រទមបែបនេះ មិនសាកសមទាល់តែសោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញ ទៅមកនោះទេ»។
ចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត ការអត់ធ្មត់ជាអតិបរមា ដោយបានចៀសវាងមិនធ្វើការវាយបក បើទោះជាមានការញុះញង់បង្កហេតុជា ច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។ ពោល គឺកម្ពុជាគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និង ភាពជាអ្នកជិតខាងល្អ។ ទោះជាយ៉ាងណា កម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាព ឬសេចក្តី ថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។
ជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕
ដោយ ៖ សិលា










