ប្រជាពលរដ្ឋខណ្ឌជ្រោយចង្វា ស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវ១ខ្សែនិងជួយអន្ដរាគមន៍ចំពោះករណីបង្កការរំខានដោយសំឡេងចាក់ធុងបាស់ពីសំណាក់អាជីវករ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា
មានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិកាសាធារណៈ ប៉ុន្តែមានពលរដ្ឋតែ២រូបគត់ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ស្នើឱ្យជួយអន្តរាគមន៍ដោះស្រាយការបង្កសំឡេងរំខានព្រោះតែការចាក់ធុងបាស់ពីសំណាក់អាជីវករ លក់ដូរភេសជ្ជៈនៅពេលរាត្រី និងម្នាក់ទៀតស្នើសុំជួសជុលផ្លូវមួយខ្សែក្នុងសង្កាត់ព្រែកតាសេក ។
ក្នុងវេទិកាសាធារណៈខាងលើនេះ ស្ថិតក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឃ្លាំង ហួត អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ចំពោះសំណូមពរនិងសំណើរបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានលោក ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រីតាមដងផ្លូវ បង្កសំឡេងរំខានដោយការចាក់ធុងបាស់រហូតដល់កណ្តាលអធ្រាត្រ ។
លោក ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញាធរចុះទៅអប់រំនិងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ដោយឡែកអាជ្ញាធរចុះអប់រំ ក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំងឬទង្វើមិនគប្បីណាមួយលើអាជីវករនោះដែរ ។ ចំពោះផ្លូវមួយខ្សែដែលបងប្អូនស្នើសុំនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយខ្ញុំសន្យាជំរុញដល់ក្រុមហ៊ុនឯកជននោះឱ្យមានវិធានការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា ខណ្ឌជ្រោយចង្វាក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យខណ្ឌជ្រោយចង្វា ប្រែក្លាយពីដីបឹង ទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់ ។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។
សូមបញ្ជាក់ថា៖ វេទិកាសាធារណៈនេះ បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាព ល្អប្រសើរ ហើយអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print