ខេត្តតាកែវ ៖ ដើម្បីកំណត់ឲ្យបានច្បាស់ លាស់កាត់ផ្តាច់ភាពស្រពេចស្រពឹលក្នុងការផ្តល់សេវាសាធារណៈ និងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀប រយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានជួបប្រជុំពិភាក្សាគ្នាដើម្បីកំណត់ដែនរដ្ឋបាលទទួលខុសត្រូវនៃខេត្តទាំងពីរ ។
ការជួបប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ នៅសាលាខេត្តតាកែវ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ជាមច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងបីនៃខេត្តទាំងពីរ ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ មានប្រសាសន៍ថា ភាពមិនច្បាស់នៃការគ្រប់គ្រងដែនរដ្ឋបាល បានធ្វើឱ្យការផ្តល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានាខ្វះការទទួលខុសត្រូវ និងឆ្លើយដាក់គ្នាក្រោយពេលមានបទល្មើសកើតឡើង។
លោកអភិបាលខេត្តតាកែវ រំពឹងថា ក្រោយពីកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គតិភាព មន្ត្រីផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់ ទទួល និងបង្ការ បង្ក្រាបទប់ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ។
ជាមួយនេះ ពលរដ្ឋក៏មានភាពច្បាស់លាស់ក្នុងការទៅសុំនិងទទួលយកការផ្តល់សេវាក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសាទរចំពោះការកំណត់ឲ្យមានភាពច្បាស់លាស់នេះ ដែលនឹងគ្មានការឆ្លើយដាក់គ្នាទៀត គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ។
ជាមួយនេះ ពលរដ្ឋក៏គ្មានភាពស្រពេចស្រពឹលក្នុងការស្វែងរកការផ្តល់សេវាសាធារណៈដែលពួកគាត់រស់នៅទៀតដែរ។ លោក ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ការណ៍នេះពិតជាបានសម្រួល និងផ្តល់ភាពងាយស្រួលទៅដល់មន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយដល់ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តទាំងពីរ បានក្រើនរំឭកដល់អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ដែលស្ថិតនៅចំណុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ហើយបញ្ឈប់ការឆ្លើយដាក់គ្នាដើម្បីយករួចខ្លួនក្រោយពេលមានបទល្មើសកើតឡើង ៕










