ភ្នំពេញ៖ សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានឃាត់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពស្រែកតវ៉ាដោយប្រើម៉េក្រូ ពេលដែលសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកសវនាការជំនុំជម្រះ ទៅលើជនជាប់ចោទកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទបដិសេធន៍ក្នុងការចូលខ្លួន ។
សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បាននាំខ្លួនសកម្មជនរូបនេះ ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌបន្តតាមនីតិវិធី ។
នៅមុខសាលាដំបូងរាជធានីភ្នំពេញ គេឃើញមានសកម្មជនរបស់គណបក្សសង្គ្រោះជាតិប្រមាណពី៦០ទៅ៧០នាក់បាននាំគ្នាមកប្រមូលផ្តុំ ដើម្បីរង់ចាំការប្រកាសសាលក្របរបស់សាលាដំបូង ដែលកំពុងជំនុំជម្រះ មានលោកកែវ មុន្នី ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ ៕
ដោយ៖ សុខ ខេមរា
...