ប្រទះឃើញគ្រោងឆ្អឹងសាកសពក្មេងប្រុសម្នាក់​ ដែលបាត់ខ្លួនដោយជំនន់ទឹកភ្លៀងនៅស្រុកអូរជុំ ខណៈ៣ នាក់​ទៀតកំពុង​នៅបន្តរុករក

ចែករំលែក៖

ខេត្តរតនគិរី ៖ គ្រោងឆ្អឹង​សាកសព​ក្មេង​ប្រុស​បាត់​ខ្លួន​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​កន្លង​ទៅ​នៅ​ស្រុក​អូរ​ជុំ ឥឡូវ​បាន​រក​ឃើញ​ម្នាក់​ទៀត​ហើយ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី ។

ក្រុមការងារ និង​ប្រជាពលរដ្ឋ​ចំនួន​៧៦​នាក់ នៅ​តែ​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ចំនួន​៤​នាក់ ដោយ​ជំនន់​ទឹកភ្លៀង​ហូរ​កួច​យក​ទៅ​បាត់ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ មក​ទល់​និង​ពេល​នេះ បាន​រក​ឃើញ​សាកសព​ម្នាក់​ទៀត​ហើយ ។

លោក គៀង តុលា អភិបាលស្រុក​អូរ​ជុំ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​រក​ឃើញ​សាកសព​ករណី​សង្ស័យ​ថា ជា​សាកសព ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ គ្រោះ​មហន្តរាយ​ហូរ​កួច​យក​ទៅ​បាត់ កាលពី​យប់​ថ្ងៃ​ទី​២៥ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​២​គ្រួសារ ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​២​នាក់​បាន​បាត់​ខ្លួន រក​ឃើញ​១​នាក់​(​អាយុ​៥៨​ឆ្នាំ​)​ឥឡូវ​ទើប​រក​ឃើញ​១​នាក់​ទៀត ដោយ​មន្ត្រី​ជំនាញ និង​បងប្អូន​អះអាង​ថា ជា​សាក សព​ក្មេង​ដែល​បាត់​ខ្លួន ក្នុង​ចំណោម​មនុស្ស​៤​នាក់ ដែល​បាន​បាត់​ខ្លួន​ពិតមែន​។

លោក គៀង តុលា បាន​បញ្ជាក់​ទៀត​ថា សាកសព​ដែល​រក​ឃើញ​ឈ្មោះ ភ័​ក្រ មុន ភេទ​ប្រុស អាយុ​៧​ឆ្នាំ ជន ជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ក្នុង​នោះ បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ឈ្មោះ ធី អាន អាយុ​៤៦​ឆ្នាំ ត្រូវជា​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ លោក​ថា ទីតាំង​រក​ឃើញ​គ្រោងឆ្អឹង​សាកសព​នៅ​ត្រង់​ចំណុច​អូរ​ចិ​ល​ពី​ទីតាំង​កើតហេតុ​ប្រហែល​៣​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​កាំ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

សាកសព​៣​នាក់​ទៀត នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ខណៈ​ពេល​នេះ​អាជ្ញាធរ​ស្រុក​និង​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​រុករក​ជន​រង​គ្រោះ​បន្ត​ទៀត ដោយ​ឃើញ​ទឹក​នៅ​តាម​អូរ​មួយ​ចំនួន​បាន​ស្រក​ទៅ​វិញ យើង​និង​ស្រួល​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print