កម្លាំងនគរបាលខេត្តសហការជាមួយមន្រ្តី (ក.ប.ប) ខេត្តពោធិ៍សាត់ បង្រ្កាបបានប្រហិតកែច្នៃបង្កក គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រី (ក.ប.ប) ខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួត ពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹក ជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង ១តោន ៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល។

លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ផលិត ផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រី (ក.ប.ប)ខេត្តឃាត់បាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

លោកស្នងការរងបន្តថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កកនោះ ដឹកតាមរថយន្ត១គ្រឿង របស់សមាគមដឹក ជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-2050 ក្នុងទិសដៅពីឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 លោកស្នងការរង បានបន្ថែមថា ក្រោយត្រួតពិនិត្យ និងបង្ក្រាបបាន កម្លាំងរបស់លោក បានធ្វើកំណត់ហេតុដក ហូតរថយន្ត និងទំនិញបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានដឹកយកដុតបំផ្លាញចោលនេះ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

ប្រភពពីលោក អ៊ូ ម៉ានរិន ប្រធានសាខា (ក.ប.ប) ខេត្ត ពោធិ៍សាត់ បានឱ្យដឹងដែរថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ គឺជាទំនិញរបស់ប្រទេសថៃ គ្មានប្រភព គ្មានឯកសារច្បាស់លាស់ មួយ វិញទៀត គឺគ្មានការវេចខ្ចប់រក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។ សម្រាប់បញ្ញើដឹកតាមរថយន្តខាងលើ ក៏គ្មានប្រភពម្ចាស់ច្បាស់ទំនិញច្បាស់លាស់ផងដែរ។ ដូច្នេះហើយ ផលិតផលនេះសង្ស័យខូចគុណភាពទាំងអស់ ដាច់ខាតត្រូវដកហូត និងត្រូវយកទៅដុតកំទេចចោល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print