ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងទសវត្សរិទី៦០ និង៧០ អ្នកស្រី វីរៈ តារា ធ្លាប់បានធ្វើឲ្យទស្សនិកជននៅចងចាំមិនទាន់ភ្លេចនូវទេពកោសល្យសម្ដែងដ៏ស័ក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះ។ ថ្មីនេះអ្នកស្រីបានវិលមកកម្ពុជានិងបង្ហាញវត្តមានក្នុងកម្មវិធី”មួយម៉ឺនអាល័យ” ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជន ហើយអ្នកស្រីក៏បញ្ជាក់ដែរថា មានបំណងវិលមកកាន់ការសម្តែងឡើងវិញប្រសិនបើមានឱកាសល្អណាមួយនៅឆ្នាំក្រោយ។
អ្នកស្រីវីរៈតារាមានឈ្មោះដើមថាគឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត។ ឪពុកអ្នកស្រីមានឈ្មោះកុក យិន អតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលី ប៊ុនយីម នៅឆ្នាំ១៩៦៤ គឺមួយឆ្នាំមុនពេលដែលអ្នកស្រីចូលប្រឡូកវិស័យសិល្បៈ ហើយមានបុត្រ៥នាក់ សុទ្ធតែប្រុស។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និងស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល៥ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ១៩៧៦។ អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោក លី ប៊ុនយីម នៅឆ្នាំ១៩៨៦។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅប្រទេសបារាំង។
អ្នកស្រីវីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ១៩៦៥ ក្នុងវ័យ១៨ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងរបស់លោកលី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន និង លោកណុប ណែម។ អ្នកស្រីបានសម្ដែងភាពយន្តឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ១០រឿង ជាអាទិ៍រួមមាន រឿង”សព្វសិទ្ធិ”ឆ្នាំ១៩៦៥ រឿង”ពុទ្ធិសែននាងកង្រី”ឆ្នាំ១៩៦៧ រឿង”អដ្ឋិសុវណ្ណចន្ទកេសរ”ឆ្នាំ១៩៦៩ រឿង”សម្គមបាញ់លលក”ឆ្នាំ១៩៧០ រឿង”អនអើយស្រីអន”ឆ្នាំ១៩៧២ រឿង”ចំណងដៃទឹកភ្នែក”ឆ្នាំ១៩៧៤ រឿង”ឯណាប្រពន្ធខ្ញុំ” ឆ្នាំ១៩៧៥ រឿង”ភ្នំពរកូន” និងរឿង”សេះសមុទ្រ”(មិនទាន់បានបញ្ចាំង)។
ទោះបីជាឈានចូលដល់វ័យ៦៩ឆ្នាំក្តីក៏សម្រស់ រូបរាង និងកម្លាំងរបស់អ្នកស្រីហាក់មិនថមថយទៅតាមវ័យដែរ។ ក្នុងជំនួបផ្ទាល់ អ្នកស្រីលើកឡើងថា អ្នកស្រីមានបំណងវិលមករកការសម្តែងជាថ្មី នៅឱកាសល្អណាមួយ។ អ្នកស្រីថា ប្រសិនបើអាចឆ្នាំក្រោយៗនេះអ្នកស្រីចង់វិលមករកការសម្តែងណាមួយទៅតាមពេលនឹងកម្លាំងដែលមាន ប៉ុន្តែអ្នកស្រីមិនប្រាកដនៅឡើយថា ជាផលិតកម្មណា និងក្នុងតំណែងជាតួអង្គអ្វី។ អ្នកស្រីលើកឡើងដែរថា មិនត្រឹមតែជាការសម្តែងទេ សូម្បីតែជីវិតរស់នៅក៏អ្នកស្រីចង់វិលមករស់នៅកម្ពុជាដែរ ប៉ុន្តែដោយភារៈជួយមើលការខុសត្រូវកូនចៅជាច្រើននៅប្រទេសបារាំងធ្វើឲ្យអ្នកស្រីមិនអាចឆ្លៀតបាន។ អ្នកស្រីបញ្ជាក់ដែរថា ក្នុងចំណោមកូនអ្នកស្រីគឺមានតែកូនប្រុសម្នាក់គត់ដែលមាននិស្ស័យសិល្បៈគឺគេកំពុងតែសិក្សាផ្នែកផលិតខ្សែភាពយន្តនៅហូលីវូដផងដែរ។ តារាសម្តែងជើងចាស់រូបនេះក៏បានថ្លែងការកោតសរសើរដល់ផលិតករ សិល្បករជំនាន់ក្រោយដែលពួកគេមានសមត្ថភាពខ្ពស់ក្នុងការចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍សិល្បៈទី៧របស់ខ្មែរឲ្យកាន់តែមានភាពល្អប្រសើរឡើង ហើយថ្ងៃណាមួយអ្នកស្រីនឹងបន្តចូលរួមបង្ហាញសមត្ថភាពសម្តែងដែលខកខានអស់ជាច្រើនទសវត្សរិ៍មកហើយសម្រាប់បម្រើការកម្សាន្តនិងការសំណូមពររបស់អ្នកគាំទ្រអ្នកស្រី៕
ដោយ៖ វឌ្ឍនា