កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនធំ នៅអគារយៀកថៃ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញ បានចុះ​ប្រតិបត្តិការត្រួតពិនិត្យឆែកឆេរទីតាំងប្លុក E នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាក់ស្ដែង​បានដកហូត វត្ថុតាងរួមមានកុំព្យូទ័រលើតុ (All in one) ១៦៨គ្រឿង, ធុង CPU ០៦គ្រឿង, ម៉ូនីទ័រ ៣៥គ្រឿង និងទូរស័ព្ទ ៦០០គ្រឿង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពី​របាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច បង្ហាញការសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការដកហួតវត្ថុតាងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងវែកមុខមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈ វត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

...

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print