មន្ត្រីជាន់ខ្ពស់ក្នុងក្រសួង សង្គ្រាម (ក្រសួងការពារជាតិ) បានដាក់សំណើរទៅកាន់ប្រធានាធិបតី ដូណាលត្រាំ ចំពោះជម្រើសយោធាវាយប្រហារ វេណេស៊ុយអេឡា ក្នុងពេលខាងមុខ ក្នុងនោះមានទាំងការវាយប្រហារដោយថ្មើជើងផងដែរ។
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថារូបលោកបានសម្រេចចិត្តរួចហើយថាតើត្រូវធ្វើដូចម្ដេចជាមួយវ៉េណេស៊ុយអេឡា ខណៈការបង្កើនការដាក់ពង្រាយ យោធារបស់លោកនៅក្នុងតំបន់អាមេរិកឡាទីនកំពុងបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំមួយក្នុងតំបន់។
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង និងកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់អាមេរិកឡាទីន និងបានបើកប្រតិបត្តិការយោធា ២០លើកប្រឆាំងនឹងទូកសង្ស័យដឹក គ្រឿងញៀនដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់។ នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក ត្រាំ បានកត់សម្គាល់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្ត រួចហើយ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេ ប៉ុន្តែយើងសម្រេចបានភាពរីកចម្រើនយ៉ាងច្រើនជាមួយវ៉េណេស៊ុយអេឡា ក្នុងយុទ្ធនាការទប់ស្កាត់លំហូរចូលគ្រឿងញៀន»។
គួរបញ្ជាក់ថា USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងធំបំផុតរបស់ពិភពលោក បានធ្វើដំណើរទៅដល់តំបន់អាមេរិកឡាទីនកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ តាមបញ្ជារបស់លោក ត្រាំ ឱ្យចូលរួមក្នុង ប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនក្នុងតំបន់។ ប៉ុន្តែ ទីក្រុងការ៉ាកាសភ័យបារម្ភថាការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានការបញ្ជូនយន្ដហោះចម្បាំងបំបាយកាយ F-35 ទៅកាន់ដែនដី Puerto Rico និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងតំបន់ Caribbean គឺមានចេតនាផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា។ ទូរទស្សន៍អាមេរិក CBS News វិញកាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពជាច្រើនបានរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញលោក ត្រាំ ពីជម្រើសដែលត្រូវបានធ្វើបច្ចុប្បន្នភាព សម្រាប់ការធ្វើប្រតិបត្តិការវាយប្រហារនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងនោះរួមមានទាំងការវាយប្រហារលើគោលដៅលើដីគោក តែម្ដង។
កាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ត្រាំ បាននិយាយថារូបលោកមិនមានបំណងធ្វើសង្រ្គាមជាមួយវ៉េណេស៊ុយអេឡាឡើយ តែថាពេលវេលារបស់លោកប្រធានាធិបតី Nicolas Maduro កំពុងត្រូវបានរាប់ថយក្រោយ។ ប្រឈមមុខនឹងការបង្កើនវត្តមានយោធាអាមេរិក វ៉េណេស៊ុយអេឡាបានប្រកាសដាក់ពង្រាយយោធានៅទូទាំងប្រទេស និងបានដាក់ចេញផែនការធ្វើសង្រ្គាមទ័ពព្រៃ ក្នុងករណីមានការវាយប្រហារពីសហរដ្ឋអាមេរិក៕
រូបថត: Vietnamnet










