ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកក្រៀមស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាជនសង្ស័យម្នាក់ជាជាងសំណង់ដែលធ្លាប់ប្រើប្រាស់សារធាតុញៀន បានវាយក្បាលកម្មករសំណង់ម្នាក់ដែលជាមិត្តរួមការងារដោយប្រើញញួរ បណ្ដាលឲ្យរងរបួស ធ្ងន់ត្រង់ក្បាល។ ហេតុការណ៍ហិង្សានេះកើតឡើងនៅវេលាម៉ោង ២៣:០៥នាទី ថ្ងៃទី១៤ វិច្ឆិកា ២០២៥ នៅ ក្នុងរោងចក្រស្បែកជើងមួយកន្លែង ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន តុង ភេទ ប្រុស អាយុ ២០ឆ្នាំ រីឯជនសង្ស័យឈ្មោះ ណែម បាន ភេទប្រុស អាយុ ៣៦ឆ្នាំ ហៅ សល់។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងត្រូវបានរកឃើញ ថាមានសារធាតុញៀនវិជ្ជមាន។
វត្ថុតាងចាប់យករួមមាន៖ ញញួរ ១ផ្លែដែកដងជ័រ ប្រវែង ៣៣cm និងទូរស័ព្ទម៉ាក OPPO A៥ ១គ្រឿង។
លោកអធិការបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពនេះក្រោយពេលអង្គុយហូបស្រាបៀរជាមួយគ្នាក្នុងរោង។ ជនសង្ស័យបានសារភាពថាមូលហេតុគឺខឹងជនរងគ្រោះ ធ្លាប់វាយខ្លួនកាលពីមួយខែមុន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










