ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅមានសុខដុមរមនាជាមួយគ្នាមិនមានជម្លោះសាសនានៅកម្ពុជាឡើយ។
-សម្តេចតេជោ ថ្លែងថា ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករ យ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយទិដ្ឋភាព បរិយាបន្ន និងចេរភាព។
-សម្តេចតេជោ ថ្លែងថា បើទោះបីជាកម្ពុជាយើងបានយក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្តី ប៉ុន្តែកម្ពុជាពុំមានសង្រ្គាមសាសនានោះឡើយ ពោលគឺមានសុខដុមរមនាសាសនា ខណៈកម្ពុជា មានប្រជាពលរដ្ឋកាន់លទ្ធិសាសនាផ្សេងៗគ្នាក្តី។
-សម្តេចតេជោ ថ្លែងថា៖ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ជាចំណងទាក់ទងគ្នា និងជាការបំពេញគ្នាទៅវិញទៅមក ។
-សម្តេចតេជោ ថ្លែងថា គ្មានសាសនា ណាមួយ ដែលប្រដៅឲ្យសាសនិករបស់ខ្លួនប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឲ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ គុណធម៌ល្អទាំងអស់។
-សម្តេចតេជោ ថ្លែងថា៖ ព្រះសង្ឃឬសាសនិកដទៃទៀត អាចចូលរួមអប់រំមនុស្ស និងចូលរួមគ្នាដើម្បីអភិរក្សអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ និងការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។
-សម្តេចតេជោ ថ្លែងអំពាវនាវឲ្យភាគីទាំងអស់រួបរួមគ្នា លើកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យបានទូលំទូលាយបន្ថែមទៀត ដោយស្របតាមអនុលោមសច្ចធម៌ និងយុត្តិធម៌សង្គម។
-សម្តេចតេជោ ថ្លែងបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។
-សម្តេចតេជោ ថ្លែងថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។
-សម្តេចតេជោ ថ្លែងសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេស ជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?
-សម្តេចតេជោ ថ្លែងថា ក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។
– សម្ដេចតេជោ ថ្លែងថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតី បានសុំយោបល់សម្ដេចជាមុនដែរ។
- សម្ដេចតេជោ ថ្លែងថា យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្ដែវ៉ៃហើយវាបានផលមកវិញជាអ្វី។ អ្នកដ៏ទៃអ្នកឯងនិយាយបានតែនៅខាងក្រៅទេប៉ុន្ដែមកទល់ពេលនេះ តើអ្នកបានចេញថ្កោលទោសយោធាថៃដែលបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរហើយឬនៅ?
– សម្ដេចតេជោ ថ្លែងញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។
-សម្ដេចតេជោ ថ្លែងថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់។
– សម្ដេចតេជោ ថ្លែងថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ, ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត អីចឹងទុកភារកិច្ចនេះឱ្យគេធ្វើទៅ។
– សម្ដេចតេជោ ថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្ដែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ, ថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។
– សម្ដេចតេជោ ថ្លែងថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។
– សម្ដេចតេជោ ថ្លែងថា សូមទុកចិត្តលើរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ខណៈឥឡូវនេះការចរចាបានឈានទៅដល់កម្រិតកំពូលហើយដែលមានមហាអំណាចចូលរួមដូច្នេះសូមអ្នកខាងក្រៅកុំចូលមកញុះញង់ឱ្យផ្ទុះអាវុធ។
– សម្ដេចតេជោ ថ្លែងថា រឿងបញ្ហាកងទ័ពកម្ពុជា១៨នាក់ តាំងពីថ្ងៃដំបូងការចាប់កងទ័ពកម្ពុជា នៅក្រោយពេលបទឈប់បាញ់ចូលជាធរមានប៉ុន្មានម៉ោង, សម្ដេចបានចាត់ទុកបងប្អូនវីរកងទ័ពបានពលីកម្មជីវិតដើម្បីជាតិរួចស្រេចទៅហើយ។ ដូច្នេះបងប្អូនវីរកងទ័ព និងក្រុមគ្រួសារក៏ពិតជាយល់, ពីព្រោះថៃបានយកករណីនេះ មកតភ្ជាប់រឿងនេះរឿងនោះ។
– សម្ដេចតេជោ ថ្លែងថា ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៍ា។
– សម្ដេចតេជោ ថ្លែងថា ការវិលទៅរកសន្ដិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង៕
ដោយ៖តារា










