មន្ត្រីជាន់ខ្ពស់ជប៉ុនទៅកាន់ប្រទេសចិន ក្នុងពេលមានភាពតានតឹងកើនឡើង

ចែករំលែក៖

អ្នកការទូតជាន់ខ្ពស់ជប៉ុន លោក Masaaki Kanai កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលហាក់ដូចជាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរលើបញ្ហាតៃវ៉ាន់។

លោក Masaaki Kanai ប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃនេះ ដើម្បីជួបជាមួយសមភាគីរបស់លោក គឺលោក Liu Jinsong នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី១៧ ខែវិច្ឆិកា។
ភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់សភាជប៉ុនក្នុងខែវិច្ឆិកានេះថា ការវាយលុករបស់ចិនលើតៃវ៉ាន់ អាចគំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជប៉ុន ហើយប្រហែលនាំឱ្យទីក្រុងតូក្យូ ត្រូវឆ្លើយតបដោយយោធា។ ការលើកលែងបែបនេះ បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង ត្បិតចិនចាត់ទុក តៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Masaaki Kanai អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៉ីនិងអូសេអានីរបស់ក្រសួងការបរទេសជប៉ុន នឹងជួបជាមួយសមភាគីចិន លោក Liu Jinsong។ លោក Kanai ត្រូវបានរំពឹងនឹងធ្វើការបកស្រាយថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi មិនបង្ហាញពីសញ្ញាផ្លាស់ប្តូរ នៃគោលនយោបាយសន្តិសុខរបស់ជប៉ុនឡើយ ហើយលោកនឹងទទូចឱ្យចិនកុំធ្វើសកម្មភាពទាំងឡាយណា ដែលអាចនាំឱ្យខូចទំនាក់ទំនងទ្វេភាគី។
កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានព្រមានជប៉ុនធ្ងន់ៗថា នឹងត្រូវជួបបរាជ័យយ៉ាងអាម៉ាស់បំផុត ប្រសិនបើហ៊ានប្រើកម្លាំងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ហើយបានកោះហៅឯកអគ្គរាជទូតជប៉ុន ដើម្បីបង្ហាញការជំទាស់យ៉ាងដាច់អហង្ការ។ ក្រៅពីនោះ ចិនបានណែនាំឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅជប៉ុន ជាហេតុនាំឱ្យមានក្តីបារម្ភថា ក្រុមហ៊ុននានាដែលពាក់ព័ន្ធវិស័យទេសចរណ៍នៅជប៉ុន នឹងមើលឃើញនិន្នាការធ្លាក់ចុះ ក្នុងអាជីវកម្មរបស់ពួកគេ៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print