កម្លាំង​សមត្ថកិច្ចចម្រុះ​ខេត្ត​បន្ទាយមានជ័យ​ ចុះពិនិត្យទីតាំងអគារសង្ស័យបង្ខាំធ្វើទារុណកម្ម មួយកន្លែងនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ ក្រោយមានការបែកធ្លាយវីដេអូ ដូចជាជនបរទេសម្នាក់ធ្វើកាយវិកា បង្ហាញពីការវាយដំធ្វើទារុណកម្ម ទំនងជាត្រូវការជំនួយសង្រ្គោះបន្ទាន់ ចេញពីអគារមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗអាជ្ញាធរ សមត្ថកិច្ចដឹកនាំដោយអភិបាលរងខេត្តចុះទៅដល់ទីតាំងនោះ ក្រោយមានសកម្មភាពរថយន្តជាច្រើនបានបើកចេញពីក្នុងអគារ សង្ស័យថា មានការរំដោះមនុស្សចេញ ។

ហេតុការណ៍បែកធ្លាយរូបភាពខាងលើ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទីតាំងដែលសង្ស័យ និងត្រូវបានសមត្ថកិច្ចចុះពិនិត្យនោះ ស្ថិតនៅចំណុចស្រះបេះដូង ខាងលិចផ្លូវស្តង់តាងួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមរូបភាពវីដេអូដែលត្រូវបានគេថតបង្ហោះនៅលើបណ្តាញសង្គម គឺ មានបុរសម្នាក់ ឯកសណ្ឋានពណ៌ខ្មៅ ឈរលើអគារមុខបន្ទប់ជាន់លើគេ ដែលមានដែកចង្រឹងបិទជិត បានបង្ហាញពីការវាយដំធ្វើទារុណកម្ម ទំនងជាត្រូវការជំនួយសង្រ្គោះបន្ទាន់ ។

បើតាមសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ករណីនេះកំពុងត្រូវបានអាជ្ញាធរខេត្តដែលដឹកនាំដោយលោក​ លៀម សុដា​ អភិបាលរងខេត្ត​ រួមនឹងកម្លាំងអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត ព្រមទាំងអភិបាលក្រុង អធិការក្រុង ក្រោមការសម្របសម្រួលពីព្រះរាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១៧ នេះតែម្តង ។ តែបើតាមប្រភពពីចំណុចទីតាំងអគារខាងលើ  មុនពេលដែលសមត្ថកិច្ចទៅដល់ និងក្រោយការបង្ហោះលើបណ្តាញសង្គម គេឃើញមានរថយន្តទំនើបៗ ជាច្រើនបានបើកចេញពីទីតាំងអគារដែលមានរបងបិទជិតខាងលើ ដោយមហាជនសង្ស័យថា ជាការជន្លៀសមនុស្សចេញពីក្នុង។

គួរបញ្ជាក់ថា បទល្មើសអនឡាញ ឬការជំរិត បង្ខាំមនុស្សខុសច្បាប់ កំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្រុងប៉ោយប៉ែត ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យអនឡាញមួយនៅក្នុងបុរី សាន ស៊ានហូ បានឃាត់ខ្លួនជនបរទេស រាប់សិបនាក់ ជាមួយនឹងឧបករណ៍សម្ភារៈជាច្រើនគ្រឿង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print