កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសមេក្លោងបានម្នាក់ ខណៈបក្ខពួកផ្សេងទៀតបន្ដរត់គេច ក្នុងករណីរំដោះឧក្រិដ្ឋជនវៀតណាម​ ចេញពីតុលាការខេត្តស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលជាមេក្លោងបានម្នាក់ត្រឡប់មកវិញហើយ ខណៈបក្ខពួកផ្សេងទៀតដែលជាអ្នកទោស និងអ្នកមករំដោះបន្ដរត់គេចខ្លួននៅឡើយ។

សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីអ្នកទោសជនជាតិវៀតណាម ដែលត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ កម្លាំងនគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួតស្រាវជ្រាវភ្លាមៗ រហូតដល់ដល់ការចាប់ខ្លួនអ្នកទោសវិញបានម្នាក់ ដែលជាមេក្លោង រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ពួកគេជិះគេចខ្លួននៅពេលរំដោះ។
សមត្ថកិច្ចខេត្តស្វាយរៀង បានអះអាងថា អ្នកទោស៦នាក់ ដែលត្រូវបានរំដោះទាំងព្រឹកនៅពេលបញ្ជូនទៅបន្ដនីតិវិធីនៅតុលាការនេះ សង្ស័យពួកគេពាក់ព័ន្ធករណី Scam Online ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួន បានកាលពីពេលកន្លងទៅ។

ផ្អែកតាមរូបភាពដែលបានបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងមានពាក់ម៉ាស ដើរចូលមកកន្លែងចំណតរថយន្ដទីដែលមន្ដ្រីពន្ធនាគារ និងឲ្យអ្នកទោសទាំងអស់នោះចុះពីរថយន្ដ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ អនុរក្សពន្ធនាគារបានឲ្យអ្នកទោសទាំងអស់នោះ ហើយស្ដ្រីខាងលើក៏បានដើរទៅក្បែរទ្វារចុះ។

ក្នុងអំឡុងពេលឈរក្បែរគ្នា អ្នកទោសម្នាក់ទំនងជាមេក្លោងដែលដឹងផែនការច្បាស់ បានឆ្លៀតឆក់កាំភ្លើងខ្លីមួយដើមពីស្ដ្រីខាងលើ ដែលបានត្រៀមរៀបចំរួចរាល់ និងបានបាញ់រះមកលើសមត្ថកិច្ចដែលឈរការពារ រួចរត់ចេញទៅក្រៅឡើង រថយន្ដដែលពួកគេបានត្រៀមរៀបចំរួចរាល់ ដើម្បីជិះគេចខ្លួនតែម្ដង។ នៅពេលនោះ សមត្ថកិច្ចក៏បានបាញ់ដើម្បីការពារខ្លួន និងបញ្ឈប់សកម្មភាពក្រុមឧក្រិដ្ឋជននោះដែរ ប៉ុន្ដែមិនអាចបញ្ឈប់បាន។

រំលងបានប៉ុន្មានម៉ោង សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបានស្ទាក់ចាប់បានរថយន្ដដែលឧក្រិដ្ឋជនជិះរត់គេចខ្លួនមួយគ្រឿង ក្នុងចំណោមរថយន្ដពីរគ្រឿង។ រថយន្ដនោះបានបើកធ្លាក់ស្រែ ហើយសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសម្នាក់ត្រឡប់មកវិញផងដែរ។

...

ដោយឡែក អ្នកទោស៥នាក់ផ្សេងទៀត រួមទាំងស្ដ្រីដែលមករំដោះនោះ នៅបន្ដរត់គេចសមត្ថកិច្ចចាប់មិនទាន់បាននៅឡើយទេ។​ យ៉ាងណាមិញ ក្នុងហេតុការណ៍រំដោះអ្នកទោសនេះ មិនបណ្ដាលឲ្យសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់នៅពេលបាញ់តដៃគ្នានោះទេ៕ ដោយ​៖យឹម​ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print