ល្បែងនយោបាយរបស់អនុទិន ៖ ការចង់យកប្រទេសចិនធ្វើខ្នងប្រឆាំងកម្ពុជា ប្រែក្លាយជា ដុំភ្លើងរលាកខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ ដំណើររយៈពេល៥ថ្ងៃរបស់អនុទិនដែលអមស្តេចថៃទៅកាន់ប្រទេសចិនបានបញ្ចប់ហើយ។ តើដំណើរនោះ បានទទួលផលអ្វីខ្លះ?

មានអត្ថបទស៊ីជម្រៅ ដំណើរទស្សនកិច្ចដ៏លេចធ្លោមួយរបស់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល ទៅកាន់ប្រទេសចិន ក្នុងការអមព្រះរាជដំណើរព្រះមហាក្សត្រថៃ មុននេះត្រូវបានកំណត់ថាជាចលនាភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពលមួយ។ សារដែល អនុទិន ចង់បានបំផុតគឺរំពឹងថា ប្រទេសថៃអាចរកឃើញ «សសរស្តម្ភទីពីរ» របស់ខ្លួននៅក្នុងប្រទេសចិន ដើម្បីទប់ទល់នឹងសម្ពាធកើនឡើងពីសហរដ្ឋអាមេរិក លើជម្លោះព្រំដែនកម្ពុជា-ថៃ។

ប៉ុន្តែក្រោយពីយន្តហោះថៃ បានចុះចតនៅទីក្រុងប៉េកាំងរួចមក, ទាំងព្រះមហាក្សត្រថៃ និងអនុទីន បានឮតែសារមួយពីថ្នាក់ដឹកនាំចិន នោះគឺសន្តិភាព ការអត់ធ្មត់ និងគ្មានជម្លោះជាមួយកម្ពុជា។ នៅទីបញ្ចប់ ដំណើរទស្សនកិច្ច ដែលត្រូវបានគេសន្មត់ថា ធ្វើឱ្យប្រទេសចិនចាប់អារម្មណ៍ និងបំភិតបំភ័យកម្ពុជា បានប្រែក្លាយទៅជាការគណនាខុសផ្នែកការទូត និងជាការបង្ហាញយ៉ាងច្បាស់អំពីភាពឯកោកាន់តែខ្លាំងឡើងរបស់ប្រទេសថៃទៅវិញ។

យុទ្ធសាស្ត្ររបស់អនុទីនក្នុងការពឹងផ្អែកលើប្រទេសចិន ដើម្បីរកទម្ងន់ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងដាក់សម្ពាធលើកម្ពុជា គឺមានចំណុចខ្វះខាតជាមូលដ្ឋាន។ ប្រទេសចិន មិនបានគាំទ្រការកើនឡើងនៃភាពតានតឹងរបស់ប្រទេសថៃនៅតាមព្រំដែនកម្ពុជានោះទេ។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំង បានអំពាវនាវឱ្យមានស្ថិរភាព ការសន្ទនា និងការអត់ធ្មត់គ្នាទៅវិញទៅមក។ ជាលទ្ធផល ប្រទេសថៃ មិនទទួលបានអ្វីពីប្រទេសចិនឡើយ ទាំងការគាំទ្រនយោបាយ, ទាំងការអនុញ្ញាតប្រើសម្ពាធដាក់មកលើកម្ពុជា ឬការចង់កាត់បន្ថយពីសម្ពាធអាមេរិកនោះជាដើម។ ផ្ទុយទៅវិញ ប្រទេសកម្ពុជាឯនេះវិញ បែរជាទទួលបានអត្ថប្រយោជន៍ពីកំហុសឆ្គងរបស់ប្រទេសថៃដោយស្វ័យប្រវត្តិ ដែលអ្វីទាំងនេះ គឺជាផលប៉ះពាល់នយោបាយដែល អនុទិន កសាងឡើងដោយខ្លួនឯង។

* ប្រទេសចិន មិនចង់ឱ្យប្រទេសថៃធ្វើបាបប្រទេសកម្ពុជាទេ

ទោះបីជាប្រទេសថៃ បានព្យាយាមប្រើប្រាស់ជម្លោះព្រំដែនបង្កការដាក់សម្ពាធមកលើកម្ពុជា ក៏ដោយ សាររបស់រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់ច្បាស់លាស់៖ កុំបង្កជម្លោះ, កុំប្រើអាវុធ និងត្រូវប្រើកិច្ចសន្ទនាតែប៉ុណ្ណោះដើម្បីដោះស្រាយ។

ប្រទេសចិន គឺជាប្រទេសនៃចំណងមិត្តភាពដែកថែបរបស់កម្ពុជា, ចិននៅតែជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុតរបស់ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរអង្វែងជាមួយ នឹងជាតិសាសន៍ខ្មែរ មានកិច្ចសហប្រតិបត្តិការយោធា ជាប្រទេសដែលទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត និងផ្លូវ BRI សំខាន់ៗ និងមានចំណងសេដ្ឋកិច្ចស៊ីជម្រៅថែមទៀត។ ប្រទេសថៃ មិនអាចរំពឹងថា ប្រទេសចិននឹងគាំទ្រសកម្មភាពណាមួយដែលប៉ះពាល់ដល់ប្រទេសកម្ពុជា ឬរំខានដល់ស្ថិរភាពក្នុងតំបន់នោះបានឡើយ។

* យុទ្ធសាស្ត្រនៃ «ការស្វែងតុល្យភាពរវាងសហរដ្ឋអាមេរិក និងប្រទេសចិន» បង្កផលវិបាក

មុនពេលធ្វើដំណើរទៅប្រទេសចិន លោក Anutin បានប្រើវោហាសាស្ត្របង្ហាញការប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយប្រកាសថា៖ «ប្រសិនបើសហរដ្ឋអាមេរិកមិនទិញផលិតផលថៃទេ យើងនឹងស្វែងរកទីផ្សារផ្សេងទៀត»។ ជាមួយនឹងសម្តីនេះ អនុទិន ជឿថាសម្តីរិះគន់ចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងអាចទទួលបានការពេញចិត្តពីប្រទេសចិន។ ប៉ុន្តែប្រទេសចិន មិនបានផ្តល់រង្វាន់ដល់ឥរិយាបថនេះទេ។

ប្រទេសចិនមិនមានចំណាប់អារម្មណ៍ក្នុងការក្លាយជាអ្នកជំនួសសហរដ្ឋអាមេរិក ឬត្រូវបានអូសទាញចូលទៅក្នុងសមរភូមិនយោបាយក្នុងស្រុករបស់ប្រទេសថៃនោះឡើយ។ ប្រទេសចិនចង់បានស្ថិរភាពនៅក្នុងតំបន់, មិនចង់ឱ្យថៃបង្កសង្គ្រាម ឬបង្កជម្លោះធំៗដាក់សហរដ្ឋអាមេរិកឡើយ។

– ហើយចុះលទ្ធផលពិតប្រាកដ?

គឺអនុទីនមិនទទួលបានផលល្អទាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក៏គ្មានការគាំទ្រពិសេសអ្វីពីទីក្រុងប៉េកាំងដែរ។ ក្នុងដំណើរទស្សនកិច្ច៥ថ្ងៃរវាងពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា បើយោងតាមក្រសួងការបរទេសចិន គឺប្រទេសទាំងពីរគ្រាន់តែបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមទាំងការតភ្ជាប់ផ្លូវដែកនាពេលអនាគត, ការនាំចេញផលិតផលកសិកម្មរបស់ថៃទៅកាន់ប្រទេសចិន បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងអាកាសចរណ៍ ជាដើម។ ទីភ្នាក់ងាររ៉យតឺ រាយការណ៍ថា មិនមានការចុះកិច្ច ព្រមព្រៀង ឬសន្ធិសញ្ញាណាមួយគួរឱ្យកត់សម្គាល់ឡើយ។

* ប្រទេសចិន ទោះបីស្តាប់ប្រទេសថៃ ប៉ុន្តែបញ្ជាក់ការគាំទ្រស្ថិរភាពរបស់កម្ពុជា

នៅក្នុងអម្លុងពេលកិច្ចប្រជុំរវាងព្រះមហាក្សត្រថៃ និងប្រធានាធិបតី ស៊ី ជីនពីង និងដែលមានលោក អនុទិន ចូលរួមដែរនោះ, ប្រទេសចិនបានបញ្ជាក់ជាថ្មីថា ត្រូវជៀសវាងជម្លោះ, គោរពដល់ដំណើរការចរចា, រក្សាសន្តិភាពតាមបណ្តោយព្រំដែន, បន្តរក្សាកិច្ចសន្ទនាទ្វេភាគី និងកុំរំលោភលើបទឈប់បាញ់ ឬកិច្ចព្រមព្រៀងណាមួយដែលប្រទេសទាំងពីរបានយល់ព្រមរួចមកនេះ។ សារទាំងនេះ គឺជាសារដ៏រឹងមាំមួយ ដែលគាំទ្រសន្តិភាពជាមួយប្រទេសកម្ពុជា និងមិនមែនជាសារ ដែលប្រើឥទ្ធិពលចិនប្រឆាំងនឹងកម្ពុជាឡើយ។

បើយោងតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់ឱ្យដឹង បន្ថែមទៀតថា «ប្រទេសចិន សង្ឃឹមយ៉ាងមុតមាំថា ទាំងប្រទេសថៃ និងកម្ពុជា អាចអត់ធ្មត់ ធ្វើការក្នុងទិសដៅដូចគ្នា អនុវត្តការពិគ្រោះយោបល់ដោយមិត្តភាព… និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន សម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍ណាមួយ»។

* កម្ពុជា ក្លាយជាអ្នកឈ្នះដោយប្រយោល

ភាពបញ្ច្រាសគ្នានូវទិសដៅនយោបាយរបស់ថៃនាពេលនេះ គេត្រូវអរគុណចំពោះការទូតរបស់ អនុទិន ដែលបានគណនាខុស។ ទង្វើរបស់អនុទិន មិនត្រឹមតែធ្វើឱ្យមានសម្ពាធពីសហរដ្ឋអាមេរិកលើប្រទេសថៃកាន់តែកើនឡើងភ្លាមៗប៉ុណ្ណោះទេ ចំណែកប្រទេសចិន បានបង្ហាញជំហរថាចិនក៏មិនបានគាំទ្រការឈ្លានពានរបស់ប្រទេសថៃដែរ។

នៅជាមួយគ្នានេះ អាស៊ានក៏បានបញ្ជាក់ជំហរបន្តគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលអ្វីទាំងនេះ ក្លាយជាកម្លាំងបន្ថែមធំមួយបង្កើនទាំងជំហរផ្នែកច្បាប់ និងឥទ្ធិពលការទូតរបស់កម្ពុជា ឱ្យកាន់តែរឹងមាំ។ ផ្ទុយទៅវិញ ក្រោយទង្វើរបស់អនុទិន ប្រទេសថៃកាន់តែបង្ហាញភាពឯកោលើឆាកអន្តរជាតិជាងពេលណាទាំងអស់។

ក្នុងសេចក្តីសន្និដ្ឋាន៖ «យុទ្ធសាស្ត្រចង់ផ្គាប់ចិន» របស់ Anutin បានបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដ៏សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសថៃ។ ការប៉ុនប៉ងប្រើប្រាស់ប្រទេសចិនដើម្បីដាក់សម្ពាធលើប្រទេសកម្ពុជា និងដើម្បីបង្ហាញខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតនោះ គឺជាកំហុសយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ។ ប្រទេសចិន ដែលជាមហាអំណាចមួយដែលផ្តល់អាទិភាពដល់ស្ថិរភាព និងឥទ្ធិពលរយៈពេលវែងក្នុងតំបន់ និងចិនមិនមានការចាប់អារម្មណ៍ក្នុងការអនុញ្ញាតឱ្យប្រទេសថៃរំខានដល់សន្តិភាព ឬធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្រជិតស្និទ្ធបំផុតរបស់ខ្លួន គឺកម្ពុជានោះទេ។

លទ្ធផលគឺច្បាស់ណាស់៖ ប្រទេសថៃមិនទទួលបានអ្វីពីដំណើរទស្សនកិច្ចនេះទេ ខណៈដែលប្រទេសកម្ពុជាបានលេចចេញជារូបរាងកាន់តែរឹងមាំឡើងទាំងផ្នែកការទូត នយោបាយ និងយុទ្ធសាស្ត្រ៕

...

ប្រភព ៖ (យុវជន៧មករា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print