ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡារៀបចំការប្រកួតកីឡាតេក្វាន់ដូជើងឯកជាតិប្រចាំឆ្នាំ២០១៦នេះ មានរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦នៅសាលដំបូលទូកក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប៣៣១នាក់ទូទាំងប្រទេស។
យោងតាមសម្តីរបស់គណៈកម្មការរៀប ចំការប្រកួតមកពីនាយកដ្ឋានអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូស្ទីលITF ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើង និងមានសហព័ន្ធកីឡាតេក្វាន់ដូនៅក្នុងប្រទេស កម្ពុជានោះត្រូវបានក្រសួងអនុញ្ញាតឲ្យមានកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ក្រោយពី គ្រួសារកីឡាតេក្វាន់ដូបានចែកឆ្នាំងចានគ្នា ដោយតេក្វាន់ដូស្ទីល ITF របស់កូរ៉េ ខាងជើងមានមេដឹកនាំផ្សេង និងកីឡាតេក្វាន់ដូស្ទីលកូរ៉េខាងត្បូងមានមេដឹកនាំម្នាក់ ផ្សេងទៀត ។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ឆ្នាំទី១នៃការប្រកួតកីឡាតេក្វាន់ដូស្ទីលITFនេះ មានអត្តពលិកចូលរួមប្រមាណ៣៣១នាក់ក្នុងនោះ មានកីឡាការិនី៧៦នាក់ ស្មើនឹង២២វិញ្ញាសាដូចជា ការប្រកួត សម្តែងមាន៥ វិញ្ញាសា ,ប្រយុទ្ធ១៥វិញ្ញាសា និងបច្ចេកទេស២វិញ្ញាសា ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុង ចំណោមអត្តពលិកទាំង៣៣១នាក់នោះ ពួកគេមកពីក្លិបចំនួន១៤គឺ ក្លិបយុវជន, ក្លិប យុវជន១, ក្លិបពន្លឺយុវជន, ក្លិបពន្លឺយុវ ជន១, ក្លិបសេរីភាពខេត្តកណ្តាល, ក្លិប ព្រែកហូរ, ក្លិបមិត្តភាព, ក្លិបសហភាព សហព័ន្ធយុវជនខេត្តកណ្តាល, ក្លិបIIC ភ្នំពេញ, ក្លិបក្តីចាស់, ក្លិបបាក់ខែង, ក្លិបស្រី សន្ធរខេត្តកំពង់ចាម, ក្លិបកងរាជអាវុធ រាជធានីភ្នំពេញនិងក្លិបវិទ្យាល័យបាក់ទូក៕
ដោយ៖ សារីម