ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានលង់ស្នេហ៍នឹងកូនធម៌ រហូតមានផ្ទៃពោះ ៨ខែ ខណៈប្ដីកំពុងជាប់ក្នុងពន្ធនាគារ។ អ្វីដែលមិននឹកស្មានដល់ និងធ្វើឲ្យគូរស្នេហ៍នេះបានប្រេះឆាហើយក្លាយទៅជាអំពើហិង្សា ទាញដុំថ្មវាយទៅលើកូនធម៌ ដែលជាប្រុសស្នេហ៍បណ្ដាលឲ្យរងរបួសបែក ក្បាលនោះ ដោយសារតែបុរសជាកូនធម៌ទៅទាក់ទងមិត្តភក្កិរបស់ម៉ែធម៌ ហើយបបួលនាងទៅផ្ទះសំណាក់ជាហេតុធ្វើឲ្យម៉ែធម៌ ផ្ទុះកំហឹង តាមវាយនឹងដុំថ្មតែម្តង ។
អំពើហិង្សានេះ កើតឡើងនៅវេលាម៉ោង០៤រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ។
ស្ត្រី ដែលបង្កហឹង្សានោះឈ្មោះ ស្រី វី អាយុជាង៤០ឆ្នាំ។ ចំណែកប្រុសស្នេហ៍ ដែលជាជនរងគ្រោះឈ្មោះ ចំរើន អាយុជាង២០ឆ្នាំ មុខរបរ រត់តាក់ស៊ី។ អ្នកទាំង២ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមស្ត្រីចំណាស់បានឲ្យដឹងថា ដើមឡើយ កាលពីជាង៤ឆ្នាំមុន ខ្លួន និងឈ្មោះចំរើន បានរាប់អានគ្នាធ្វើជាម្ដាយធម៌ និងកូនធម៌។ ប្រមាណកន្លះខែក្រោយមក ក៏បានចាប់ចិត្តស្រឡាញ់គ្នា និងឈានទៅបបួលគ្នាទៅដេកផ្ទះសំណាក់។ លុះក្រោយមក ក៏បាននាំកូនធម៌មកផ្ទះ បង្ហាញប្រាប់ប្ដីដោយឲ្យរាប់អានគ្នាធ្វើជាឪពុកម្ដាយ ធម៌ និងកូនធម៌ តែក្រោយមក ប្ដីបានជាប់ពន្ធនាគារ បន្ទាប់ពីរត់តាក់ស៊ី ដឹកជនជាតិចិនចាប់ជំរិត ។
ស្ត្រីរូបនោះ បានឲ្យដឹងទៀតថា បន្ទាប់ពីប្ដីរបស់ខ្លួនជាប់ គុក ខ្លួននិងកូនធម៌ បានស្រឡាញ់គ្នា រស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រហូតដល់មានផ្ទៃពោះ ៨ខែ។ នៅមុនពេលកើតហេតុ ស្រាប់តែមិត្តភក្តិរបស់គាត់ បានប្រាប់ថា កូន ធម៌រូបនោះ(ប្រុសស្នេហ៍) បានបបួលនាងទៅដេកនៅផ្ទះសំណាក់ហើយមិត្តភក្តិមកប្រាប់ក៏បានទៅសួរនាំកូនធម៌ ដោយខឹងពេក ក៏យកដុំថ្ម វាយចំក្បាលបែកឈាមហូរតែម្ដង។
បន្ទាប់ពីប្រើអំពើហិង្សារួច ម៉ែធម៌ ក៏បានអូស.កកូនធម៌ នាំទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ដើម្បីទាមទារបែកផ្លូវគ្នា និងទាមទារប្រាក់ ចំនួន២.០០០ដុល្លារ ដែលខាងកូនធម៌ជំពាក់ ព្រមទាំងទាមទារថ្លៃសម្រាល កូន និងបង់ធនាគារ១ខែ ២០០ដុល្លារ ថែមទៀត។ ប៉ុន្តែនៅពេលសួរនាំ កន្លែងកើតហេតុ ហើយអាជ្ញាធរ ក៏បានណែនាំឲ្យមកប្ដឹងនគរបាតប៉ុស្តិ៍កាកាបទី២ វិញ។ ទោះ បីជាយ៉ាងណា ក្រោយមក អ្នកទាំងពីរនាក់ ពុំបានទៅប្ដឹងផ្ដល់គ្នាឡើយ ដោយសម្របសម្រួលគ្នាតែ២នាក់ រួចចាកចេញទៅ ៕










