ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យ បានត្រឹមត្រូវ។
ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយក ចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ សុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ៕ដោយ៖សិលា










