ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សូមបដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យ ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។
ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលបង្កើតឡើងដោយប្រទេសជិតខាង ក្នុងចេតនាញុះញង់ វាយប្រហាររាជរដ្ឋាភិបាល និងកិត្តិយសនគរបាលជាតិកម្ពុជា ។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែកចាយវីដេអូខាងលើនេះ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិកម្ពុជា ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបន្តការចែកចាយវីដេអូក្លែងក្លាយនេះ ៕ដោយ៖តារា










