ខេត្តក្រចេះ៖ បើយោងតាមរបាយកាណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ មានរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូសរុបចំនួន ៩ កន្លែង និងស្នាក់ការប្រមូលទិញជ័រកៅស៊ូចំនួន ១៩ ស្ថិតក្នុងស្រុកចំនួន ៤ ក្នុងខេត្តក្រចេះ។
របាយការណ៍ដដែល បន្តថា ក្នុងនោះរួមមាន រោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៣ កន្លែង ក្នុងនោះស្ថិតនៅក្មុងស្រុកស្នួលចំនួន ២ កន្លែង និងក្នុងស្រុកសំបូរចំនួន ១ កន្លែង ខណៈសិប្បកម្មកែច្នៃជ័រកៅស៊ូ ០៦ កន្លែងទៀត ស្ថិតនៅស្រុកស្នួល ៤ កន្លែង ស្រុកឆ្លូង ១ កន្លែង និងស្រុកព្រែកប្រសព្វ ១ កន្លែង។ ចំណែកស្នាក់ការប្រមូលទិញជ័រកៅស៊ូគ្រួសារចំនួន ១៩ ស្នាក់ការ មានទីតាំងនៅស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូងខេត្តក្រចេះ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ ២០២៤ ខេត្តក្រចេះបានអនុវត្តការដាំដុះដំណាំកៅស៊ូសរុបបានប្រមាណ ៩៣ ៤៧៧,៨១ ហិកតា ក្នុងនោះក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៥៤ ៨៦៨,៩៤ ហិកតា, ក្រុមហ៊ុនអវិនិយោគ (កៅស៊ូរដ្ឋវិនិយោគដោយឯកជន) ចំនួន ៤ ៣៣២,៧៤ ហិកតា និងកៅស៊ូគ្រួសារមានចំនួន ៣៤ ២៦៧,១៣ ហិកតា។
បើធៀបនឹងឆ្នាំ២០២៣ ផ្ទៃដីដំណាំកៅស៊ូទូទាំងខេត្តមានការកើនឡើងចំនួន ៦ ១៦៥,៤៦ ហិកតា ក្នុងនោះកៅស៊ូគ្រួសារកើនឡើងចំនួន ៦ ០៨៣ហិកតា និងកៅស៊ូក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចកើនឡើងចំនួន ៨២,៦៤ ហិកតា។
ទិន្នផលនិងបរិមាណផលកៅស៊ូក្នុងខេត្តដែលអាចចៀរជ័របានសរុបមានចំនួន ៦២ ០៥៤,៧៤ ហិកតា ជាមួយបរិមាណផលសរុបចំនួន ៨០ ៦៧១តោន (គិតជាមធ្យមទទួលបានជ័រ កៅស៊ូស្ងួតចំនួន ១,៣ ទៅ ១,៥ តោន ក្នុង១ហិកតា)។
ចំពោះតម្លៃជ័រកៅស៊ូកក DRC (១០ថ្ងៃ) ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ៦០០ ដុល្លារ ទៅ ៧៥០ ដុល្លារ ក្នុង១តោន និងតម្លៃជ័រកៅស៊ូក្រែបនាំចេញជាប្រចាំមានតម្លៃចាប់ពី ១ ២០០ ដុល្លារ ទៅ ១ ៤០០ ដុល្លារ និងតម្លៃជ័រកៅស៊ូកក ០៣ ថ្ងៃ ដែលកសិករលក់ចេញក្នុងឆ្នាំ២០២៤ ចន្លោះពី ២៥០ ដុល្លារ ទៅ ៤៥០ ដុល្លារ ក្នុង ១ តោន។
ប្រភពប្រមូលទិញក្នុងស្រុក គឺមានអ្នកដើរប្រមូលទិញឲ្យរោងចក្រឯកជនដូចជា នៅក្រែក មេម៉ត់ និងសួង ជាដើម។ ដោយឡែកប្រភពនាំចេញទៅក្រៅប្រទេសវិញ មានដូចជា ប្រទេសចិន ម៉ាឡេស៊ី និងវៀតណាម។
ពូជកៅស៊ូដែលកសិករនិយមដាំទូទៅ គឺ GT1, RRIM600, PB260, PB217, PB235, IRCA230, IRCA18, IRCA130 ប៉ុន្តែនៅក្នុងខេត្តក្រចេះពូជដែលកសិករនិយមដាំជាងគេនោះ គឺ PB260, RRIM600 និង GT1៕ដោយ៖តារា










