ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកHans Risser ប្រធានអង្គការNPA នៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានCMAC រាជធានីភ្នំពេញ។
លោក ហេង រតនា បានឱ្យដឹងថា ការពិភាក្សាផ្តោតជាសំខាន់លេីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលេីគម្រោងដែលកំពុងអនុវត្តន៍ស្រាប់ដូចជា៖ ១.គម្រោងបោសសម្អាតមីនគាំទ្រដោយរដ្ឋាភិបាលសម្ពន្ធ័អាឡឺម៉ង់ នៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ២. គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់សំណល់សង្គ្រាម ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅខេត្តត្បូងឃ្មុំ កំពងចាម ស្វាយរៀង ព្រៃវែងជាដេីម និងទី៣. គម្រោងគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីជំនាញសុនខហិតមីន។
ទន្ទឹងនឹងនេះ ក៏បានពិភាក្សា និងឯកភាពគ្នាដោយ NPAអាចមានកញ្ចប់ថវិកាថ្មីបន្ថែមសម្រាប់៖ ១.ការពង្រីកសមត្ថភាពអង្គភាពCMACក្នុងការអនុវត្តគម្រោងបោសសម្អាតមីននៅបណ្តាខេត្តមានបញ្ហាមីនសំដៅសម្រេចគោលដៅការអនុវត្តសញ្ញាអូតាវ៉ាដល់ឆ្នាំ២០៣០របស់កម្ពុជា “អស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស” ២. ការពង្រីកកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តដែលបានប្រកាសអស់គ្រាប់មីនប្រឆាំងមនុស្ស និងទី៣. ការពង្រឹងសមត្ថភាពមណ្ឌលសុនខអង្គភាពCMAC ស្របតាមតម្រូវការជំនាញសុនខសម្រាប់បម្រេីវិស័យមីនទាំងក្នុងប្រទេសនិងលេីឆាកអន្តរជាតិ៕
ដោយ៖តារា










