សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា បានបញ្ជាក់ថា ប្រទេសនេះបានធ្វើការសាកល្បងបំផ្ទុះក្បាលគ្រាប់បែកបរមាណូដោយជោគជ័យនៅទីតាំងសាកល្បងភាគខាងជើងប្រទេស។
ការប្រកាសខាងលើធ្វើឡើងក្រោយប៉ុន្មានម៉ោងដែលមានការផ្ទុះបង្ករឲ្យមានរញ្ញ័រស្មើនឹងការរញ្ជួយដីគម្រិត ៥,៣រិចទ័រស្ថិតនៅជិតទីតាំងសាកល្បង Punggye-ri ។ ភាគីកូរ៉េខាងជើង បានផ្សាយថា ការសាកបរមាណូលើកនេះមានការបែកធ្លាយសារធាតុបរមាណូចេញក្រៅតែមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ។
បណ្តាញទូរទស្សណ៍ជាតិកូរ៉េខាងជើងក៏បានផ្សាយថា កូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការត្រៀមបំពាក់ក្បាលគ្រាប់បរម៉ាណូទៅលើកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ។ ចំណុចទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងអាចនឹងផលិតក្បាលគ្រាប់បរមាណូពង្រួមតូចបានតាមចិត្តដោយមានកម្លាំងបំផ្លាញខ្លាំង។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា បើទោះបីរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ កូរ៉េខាងជើងនៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួនសកម្មជាមុនទៅទៀត។
មានប្រសាសន៍ស្តីពីការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយ៉ុងហេ ធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទាំងនោះ។ ទទឹមនឹងនោះលោកស្រីផាកយ៉ុងហេ បញ្ជាក់ថា គឺជាការប្រថុយខ្វះពិចារណារបស់រដ្ឋាភិបាលគីមជុងអ៊ុន ។
ភ្លាមៗនោះលោកស្រីផាក ក៏បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ស្តីពីសកម្មភាពសាលក្បងបរមាណូខាលើ។ លោកស្រីបន្តទៀតថា ទីក្រុងសេអូល និងធ្វើគ្រប់យ៉ាងដើម្បីដាក់គំនៀបទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា មានការរញ្ជួយដីគម្រិត៥,៣រិចទ័រ នៅជិតតំបន់សាកល្បងបរមាណូ Punggye –ri ក្នុងទឹកដីកូរ៉េខាងជើង។ តំបន់នោះក៏ជាទីតាំងសាកល្បងគ្រាប់បែកបរមាណូកាលពីខែមករា កន្លងមកផងដែរ។
ដូចជាការសាកល្បងនាពេលកន្លងមកក្រោយការបាញ់មីស៊ីលបង្ករឲ្យមានការចាប់អារម្ភពីសហគមន៍អន្តរជាតិប៉ុន្មានថ្ងៃគឺគូរ៉េខាងជើងចាប់ផ្តើមសាកល្បងបរមាណូ។
កូរ៉េខាងជើងអបអរទិវាឯករាជ្យដោយការសាកល្បងគ្រាប់បែកបរមណូលើកទី៥
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ទូរទស្សណ៍កូរ៉េខាងជើងបានផ្សព្វផ្សាយវីដីអូខ្លីស្តីអំពីកម្មវិធីរំលឹកខួប៦៨ឆ្នាំទិវាឯករាជ្យកូរ៉េខាងជើង ដោយមានការស្វាគមន៍នៅការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥។
ពីធីរំលឹកខួប៦៨ឆ្នាំធ្វើឡើងនោសាលធំក្នុងទីក្រុងព្យុងយ៉ាង ក្រោយការផ្សាយឃ្លីបវីដីអូបានប៉ុន្មានម៉ោង គឺនៅម៉ោង៩និង៣០នាទីការសាកល្បងក្បាលគ្រាប់បរមាណូលើកទី៥ ក៏កើតឡើងបង្កឲ្យមានការរញ្ជួយដីបណ្តាលមកពីកម្លាំងផ្ទុះខ្លាំងនៅក្រោមដី។
ក្នុងពេលជាមួយគ្នានេះក្រសួងការពារជាតិចិន បានបានអនុវត្តភាពអាសន្ននៅតាមតំបន់ព្រំដែនជាប់កូរ៉េខាងជើង ដោយបានដាក់ម៉ាស៊ីនវាស់សារធាតុវិទ្យុសកម្ម ក្រោយពេលដែលមានការបែកធ្លាក់សារធាតុវិទ្យុសកម្មចេញមកលើដី៕
ប្រែសម្រួល៖ ម៉ែវ សាធី